បណ្តាញសង្គម

PSG លេង​លីគ​បារាំង​បាន ៣ប្រកួត​ ហើយ​ចុះ Messi ពេល​ណា​ទើប​បាន​ចូល​លេង?

ក្លឹប Paris Saint-Germain បានលេងប្រកួតលីគកំពូលបារាំងបានចំនួន ៣ប្រកួត ដោយឈ្នះ ៣ប្រកួត។ ក្លឹបរដ្ឋធានីប៉ារីសមួយនេះ កំពុងតែឈរនៅកំពូលតារាង Ligue 1 ដោយមាន ៩ពិន្ទុក្នុងដៃ។

យ៉ាងណាមិញ ចំណោមប្រកួតលីគទាំង ៣នេះ គេមិនទាន់ឃើញមានវត្តមានតារាបាល់ទាត់ទាំងពីរដង ខ្សែប្រយុទ្ធប្រេស៊ីល Neymar និងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi។ យោងតាមការលើកឡើងរបស់អ្នកចាត់ការក្លឹប PSG លោក Mauricio Pochettino ប្រាប់ ESPN ខ្សែប្រយុទ្ធ Messi នឹងចូលលេងឱ្យក្លឹបនៅសប្ដាហ៍ក្រោយ។

លោកបានលើកឡើងកាលពីថ្ងៃសុក្រថា៖ "សប្ដាហ៍នេះជាពេលដ៏ល្អមួយសម្រាប់ Leo (សំដៅលើ Messi) ដូច្នេះយើងសង្ឃឹមថាសប្ដាហ៍ក្រោយអាចជាសប្ដាហ៍ ដែលយើងទន្ទឹងរង់ចាំយ៉ាងយូរ ហើយប្រសិនបើគ្រប់យ៉ាងប្រព្រឹត្តិទៅយ៉ាងរលូន យើងសង្ឃឹមថា គេនឹងចូលលេងនៅក្នុងក្រុមដ៏មានការប្រកួតប្រជែងមួយ" ។

បើតាមការចុះផ្សាយរបស់ Marca កីឡាករចំណូលថ្មីចំនួន ៥រូបរបស់ PSG បានចូលលេងតែ ២នាក់ទេ នៅ ៣ប្រកួតគឺ ខ្សែការពារអេស្ប៉ាញ Achraf Hakimi និងខ្សែបម្រើហុល្លង់ Georginio Wijnaldum។ ចំណែកឯអ្នកចាំទីGianluigi Donnarumma ខ្សែការពារ Sergio Ramos ក៏ដូចជា Messi នៅមិនទាន់ចូលលេងនៅឡើយ៕