បណ្តាញសង្គម

ឈប់​ខឹង​បាន​អត់? Lingard ចេញ​មុខ​សុំ​ទោស​អ្នក​គាំទ្រ United ចំពោះ​កំហុស​នៅ UCL

ខ្សែបម្រើប្រយុទ្ធ Jesse Lingard បានចេញមុខសុំទោសទៅកាន់អ្នកគាំទ្ររបស់ Manchester United ទាំងអស់ សម្រាប់កំហុសដែលបង្កឡើងក្នុងការប្រកួត UCL ទល់នឹង Young Boys។

Lingard បានសាងកំហុសបោះបាល់ទៅក្រោយ ធ្វើឲ្យខ្សែប្រយុទ្ធ Theoson Siebatcheu របស់ Young Boys ឆក់ឱកាស ទាត់បាល់បញ្ចូលទីយកជ័យជម្នះ ២-១នៅចុងម៉ោងលើ United។ ក្រោយរឿងនេះកើតឡើង កីឡាករសញ្ជាតិអង់គ្លេសរងការរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គម។

យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រកួត Lingard បានបង្ហោះសារមួយសុំទោសទៅកាន់អ្នកគាំទ្រ។ ក្នុងសារនោះកីឡាករវ័យ២៨ឆ្នាំបាននិយាយថា ការប្រកួតកាលពីយប់ថ្ងៃអង្គារគេពិតជាឈឺចាប់។ គេតែងតែចង់ធ្វើឲ្យបានល្អសម្រាប់ក្លឹប ក្រុមនិងជាពិសេសអ្នកគាំទ្រ។

គេពិតជាសោកស្ដាយចំពោះការបរាជ័យនេះ ហើយមិនចង់ចាញ់ការប្រកួតណាមួយឡើយ ប៉ុន្តែកំហុសតែងកើតក្នុងបាល់ទាត់។ ពេលនេះមានខំប្រឹងជំរុញទៅមុខទាំងអស់គ្នាទេ។

Manchester United បានប្រកួតបើកឆាកពាន Champions League ចាញ់ក្រុម Young Boys លទ្ធផល ១-២ ខណៈ Cristiano Ronaldo ធ្វើបានមួយគ្រាប់។ ប៉ុន្តែលទ្ធផលនេះបានធ្វើឲ្យអ្នកគាំទ្របិសាចក្រហមខកចិត្តជាខ្លាំង៕