Laportaថា Barca មិនគិតគូរនាំយក Messi មកវិញនោះទេ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន RAC1 នៅក្នុងថ្ងៃនេះថា នៅខណៈនេះក្លឹបលោកមិនគិតគូរនាំយកខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកវិញនោះទេ។
លោក Laporta បាននិយាយថា៖" រហូតមកទល់នឹងពេលនេះខ្ញុំអត់ទទួលបានដំណឹងពី Messi ក៏ដូចជាខាងក្លឹបគេនិយាយរឿងពាក់ព័ន្ធនឹងការត្រលប់មក Barca វិញនៅឡើយទេ។
ខ្ញុំមិនដែលបានទាក់ទងនិយាយជាមួយគេឲ្យបានជាក់លាក់នោះទេចាប់តាំងពីគេចាកចេញពីក្លឹបយើងទៅ។ និយាយទៅការចាកចេញរបស់គេនេះធ្វើឲ្យខ្ញុំអារម្មណ៍មិនល្អសោះ "។ លោកបានបន្តថា៖" យ៉ាងណាក្នុងពេលនេះយើងមិនគិតគូរនាំយក Messi មកវិញនោះទេ។
ឥឡូវនេះយើងកំពុងតែកសាងក្រុមថ្មីរបស់យើងដែលលាយបញ្ចូលនឹងកីឡាករវ័យក្មេង និងកីឡាករមានបទពិសោធន៍ ដើម្បីលេងឲ្យមានភាពស៊ីសង្វាក់គ្នាល្អ។ តែ Messi នៅតែ Messi អញ្ចឹងគេនឹងតែងតែល្អជានិច្ច។
សម្រាប់ខ្ញុំការចាកចេញរបស់គេមិនមែនជារឿងល្អទេ តែធ្វើម៉េចក្លឹបមានវិបត្តិហិរញ្ញវត្ថុ យើងមិនអាចប្រហែសបាននោះទេ យើងធ្វើអ្វី ដែលយើងអាចធ្វើបាន "។ នៅក្នុងរដូវកាលនេះ Messi ផ្លាស់ទៅលេងឲ្យ PSG ចូលរួមលេងបាន ២៦ប្រកួត និងរកបាន៧គ្រាប់ហើយ។
PSG ស្ថិតក្នុងចំណាត់ថ្នាក់ទី១ក្នុងការប្រកួត Ligue 1 ដោយមាន ៦៥ពិន្ទុ រីឯ Barcelona កំពុងឈរនៅលំដាប់ថ្នាក់ទី៣ ក្នុងការប្រកួត La Liga ដោយមាន ៥៤ពិន្ទុ៕