Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របួស​រហែក​សរសៃ​ពួរ​ស្មា​ធ្វើ​ឱ្យ​សមត្ថភាព​​ស្មាត់​ធំ​ គួន ម៉ុម សល់​ត្រឹម​៦០%​ពី​មុន​ប៉ុណ្ណោះ

  • បោះពុម្ព

ក្រោយពីរបួសរហែកសរសៃពួរស្មាចាប់ផ្ដើមធ្វើទុក្ខខ្លាំងកាលពីអំឡុងខែមករា ឆ្នាំ២០២២ ស្មាត់ធំរបស់សមាគមន៍បាល់ទះវិសាខា គួន ម៉ុម បានសម្រាកពីការហ្វឹកហាត់ចំនួនពីរខែ ហើយថ្មីៗនេះគេបានបង្ហាញខ្លួនក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគបាល់ទះ Ganzberk Special Volleyball។

វត្តមានរបស់ គួន ម៉ុម បានធ្វើឱ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះសប្បាយរីករាយ ដ្បិតពួកគេបានឃើញការបង្ហាញសមត្ថភាពរបស់ស្មាត់មកពីខេត្តតាកែវ។ ទោះបានបង្ហាញសមត្ថភាព ប៉ុន្តែគេស្មាត់រូបនេះមិនអាចជួយសមាគមន៍បាល់ទះវិសាខាបានឡើយ ពោលចាញ់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ២សិតទល់សូន្យក្នុងវគ្គសន្សំពិន្ទុ។

នេះដោយសារគេមិនទាន់ជាពីរបួសស្មាស្ដាំ។ បើតាមការបង្ហើបប្រាប់របស់ម៉ុម ពេលបច្ចុប្បន្នសមត្ថភាពរបស់គេបានត្រឹមតែ៦០%ពីមុនប៉ុណ្ណោះ។ កីឡាករបាល់ទះក្នុងសាលដ៏ឆ្មើមរបស់ជម្រើសជាតិកម្ពុជា បានពន្យល់ថា ៖«វាធូរគួរសមដែរហើយ គ្រាន់ថាយើងមិនទាន់ហ៊ានថាបាន១០០%ដូចមុន បាន៦០% ៧០% ដែលលេងបាន...បើពីមុនខ្ញុំសម្រាកពីរខែ លើកដៃអត់កើត សូម្បីលើកដៃទះបាល់ក៏ទះមិនកើតដែរ មួយរយៈក្រោយនេះបានចូលលេងវិញ ខ្ញុំហាត់ដូចជា២សប្ដាហ៍សាំជាមួយគ្នា ហើយលេងយកតែម្ដង»។

កីឡាករកម្ពស់១,៩៦ម៉ែត្ររៀបរាប់ទៀតថា រូបគេបានទៅពិនិត្យពេទ្យច្រើនដែរ ប៉ុន្តែស្ថានភាពរបួសបានត្រឹមធូរស្រាលប៉ុណ្ណោះ ចំណែកការចំណាយជាបន្ទុករបស់ក្លឹប។ ផ្អែកតាមសម្ដីរបស់ម៉ុម ក្លឹបអាចនឹងបញ្ជូនគេទៅព្យាបាលនៅក្រៅប្រទេស ក្រោយចប់ព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០២២ ដែលនឹងចាប់ផ្ដើមនៅខែឧសភានៅប្រទេសវៀតណាម ប៉ុន្តែមិនទាន់ដឹងថាទៅប្រទេសណាឡើយ។

បច្ចុប្បន្ន គួន ម៉ុម បានត្រឹមតែលេបថ្នាំបំបាត់ការឈឺចាប់បណ្ដោះអាសន្ន ដើម្បីបានហ្វឹកហាត់ជាមួយក្រុម និងត្រៀមការប្រកួតផ្សេងៗនៅពេលខាងមុខ។ គួរបញ្ជាក់ថា អតីតស្មាត់របស់ក្លឹបក្រសួងមហាផ្ទៃ បានរងរបួសស្មាស្ដាំ តាំងពីខែមិថុនា ឆ្នាំ២០២១មកម្ល៉េះ ហើយចាប់ផ្ដើមធ្វើទុក្ខខ្លាំងនៅចន្លោះខែ មករា និងកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ៕