បណ្តាញសង្គម

Ten Hag ​មិន​ពេញ​​ចិត្ត​អាកប្បកិរិយា​ Ronaldo ដើរ​ចេញ​ពី​កីឡា​ដ្ឋាន​ទាំង​ប្រកួត​នឹង​ Vallecano មិន​ទាន់​ចប់

លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Viaplay Sport នៅក្នុងថ្ងៃនេះបែបមិនពេញចិត្តនឹងអាកប្បកិរិយាខ្សែប្រយុទ្ធ Cristiano Ronaldo ដើរចេញពីកីឡាដ្ឋាន Old Trafford ទាំងប្រកួតមិត្តភាព Pre Season នឹង Rayo Vallecano ក្នុងលទ្ធផល ១-១ មិនទាន់ចប់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

រឿងរ៉ាវលើកើតឡើងនេះគឺដោយសារតែ Ronaldo បានលេងតែ១តង់ក្នុងការប្រកួតខាងលើ ហើយក៏ត្រូវបាន Ten Hag ប្ដូរចេញ។ ទាក់ទងនឹងសកម្មភាពដើរចេញនេះ Ten Hag បាននិយាយថា៖" អាកប្បកិរិយានេះគឺច្បាស់ណាស់មិនអាចទទួលយកបានតែម្ដង។

ខ្ញុំធ្លាប់បានប្រាប់អ្នកគ្រប់គ្នាក្នុងក្លឹបហើយថា អាកប្បកិរិយាបែបនេះគឺពិតជាទទួលយកមិនបានទេ។ នេះជាក្រុមការងារ ជាក្រុមលេងរបស់យើង យើងត្រូវនៅជាមួយពួកគេរហូតដល់ចប់ "។

ចំពោះ Man Utd វិញធ្លាប់បានចេញបកស្រាយភ្លាមៗហើយថា សកម្មភាពរបស់ Ronaldo ធ្វើបែបនេះមិនជាបញ្ហាចោទនោះទេ យ៉ាងណាចំពោះលោក Ten Hag បាននិយាយទៅកាសែតក្នុងថ្ងៃនេះបែបមិនពេញចិត្តនឹងខ្សែប្រយុទ្ធនេះទៅវិញ។

គួរបញ្ជាក់ផងដែរថា អនាគតរបស់ Ronaldo នៅ Man Utd គឺនៅតែស្រពិចស្រពិល។ ចំពោះការប្រកួតបើកឆាក PL របស់ Man Utd លោក Ten Hag នឹងដាក់ Ronaldo ជាកីឡាករបម្រុង៕