បណ្តាញសង្គម

ឪពុក​ ប្រាក់ ចិត្រា ​ជឿ​ថា បើ​​គ្រប់​ស្ថានីយ​គិត​ដល់​ការ​ប្រកួត​យុវជន​ថ្នាល​ មិន​យូរ​​​​គុន​ខ្មែរ​នឹង​ហក់​ឡើង​លើ​ថៃវិញ

លោក ប្រាក់ យ៉ា ដែលជាឪពុករបស់កីឡាករវ័យក្មេង ប្រាក់ ចិត្រា មើលឃើញថា ការរៀបចំឲ្យមានការប្រកួតដណ្ដើមប្រាក់លានសម្រាប់កីឡាករថ្នាលជារឿងល្អបំផុត ក្នុងការជួយពង្រឹងស្មារតីហ្វឹកហាត់របស់ក្មេងៗ ហើយប្រសិនបើស្ថានីយផ្សេងៗអាចរៀបចំបែបនេះដូចស្ថានីយ ទទក ពិតណាស់មិនយូរទេគុនខ្មែរ នឹងរីកចម្រើនខ្លាំងលើសថៃវិញជាក់ជាមិនខាន។

ការលើកឡើងខាងលើក្រោយពេលកូនប្រុសរបស់លោកកីឡាករ ប្រាក់ ចិត្រា យកឈ្នះ សី កុសល ដោយពិន្ទុ ដើម្បីគ្រងពានមួយ និងប្រាក់៤លានរៀល ហើយអ្នកចាញ់ សី កុសល ទទួលបាន១លានរៀល នៅសង្វៀន TVK Fighter កាលពីម្សិលមិញនេះ។

ក្រោយការប្រកួតនេះគ្រូបង្វឹក និងជាឪពុករបស់ ប្រាក់ ចិត្រា បានលើកឡើងថា «ខ្ញុំជឿថាយើងដាក់ឲ្យក្មេងៗវ៉ៃចឹងមិនយូរទេ យើងនឹងអាចខ្លាំងជាងថៃវិញផង ព្រោះពេលពួកវាធំៗអស់ទៅ ហើយបានវ៉ៃពីក្មេងចឹងបទពិសោធវាក៏មានច្រើនគុណភាពវាក៏ល្អ។

និយាយទៅកម្រណាស់ឲ្យថៃណាមកស៊ីវាបានណាស់បើបានរៀបចំដូចទទកចឹងទៅថ្ងៃមុខទៅ។ ខ្ញុំគិតថាមិនយូរទេ ឲ្យតារៀបចំចឹង២-៣ឆ្នាំទៀត យើងដឹងតែទៅមុខហើយ ការបណ្ដុះគុនខ្មែរវានៅត្រង់ហ្នឹងហើយ»។

ក្នុងការប្រកួតនោះដែរ កីឡាករ ប្រាក់ ចិត្រា ក៏បានលើកឡើងថា វាជាការប្រកួតមួយដែលធ្វើឲ្យខ្លួនភ័យខ្លាំងបំផុត ព្រោះថាមិនធ្លាប់វ៉ៃទឹកប្រាក់ច្រើនចឹងទេសម្រាប់គេ ហើយគេសង្ឃឹមថា ស្ថានីយផ្សេងៗពិតជាអាចរៀបចំឲ្យមានការគិតគូរដល់កីឡាករថ្នាលបែបនេះ៕