ផ្លូវការ៖ Busquets នឹងចាកចេញពី Barca ក្រោយនៅរួមរស់អស់រយៈពេល ១៨ឆ្នាំ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ខ្សែបម្រើការពារ Sergio Busquets នៅក្នុងថ្ងៃពុធនេះ បានប្រកាសចាកចេញពីក្លឹប Barcelona ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៨ឆ្នាំ។
កីឡាកររូបនេះបានចូលលេងក្រុមឈុតធំក្លឹបនេះតាំងពីឆ្នាំ២០០៥ ហើយក្លាយជាកីឡាករដ៏សំខាន់មួយរូបរបស់ក្លឹបតាំងពីពេលនោះមក។
ទាក់ទិននឹងការចាកចេញនេះ ខាង Barcelona បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Busquets មកកាន់ក្លឹប ហើយហៅកីឡាកររូបនេះថាជា «កីឡាករល្អជាងគេមួយរូបរបស់ក្លឹប» ទៀតផង។ Busquets មុននឹងចេញនៅឆ្នាំ២០២៣នេះមានតំណែងជាប្រធានក្រុមរបស់ Barcelona។
កីឡាកររូបជួយឱ្យក្លឹបឈ្នះពាននានា រាប់តាំងពីពានលីគកំពូលអេស្ប៉ាញ La Liga ពានព្រះមហាក្សត្រអេស្ប៉ាញ Copa del Rey ក៏ដូចជាពានក្របខ័ណ្ឌអឺរ៉ុប UEFA Champions League ទៀតផង។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីខែធ្នូកន្លងទៅ។
ក្រោយពីការចាកចេញពី Barcelona នេះ មានប្រភពមួយចំនួនលើកឡើងថា Busquets ទំនងជាទៅលេងជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕