បណ្តាញសង្គម

ឯកឧត្ដម​ ហ៊ុន ម៉ានី៖ ​ប៉ារ៉ាហ្គេម​ក្រៅ​ពី​រឿង​ឈ្នះ​ចាញ់ ​ក៏​ជា​ឱកាស​ឱ្យ​អត្តពលិក​ពិការ​មាន​អារម្មណ៍​ថា​ពួកគេ​ដូច​គេ​ដូច​ឯង​ដែរ​

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រកាសឱ្យប្រជាជនកម្ពុជាទាំងអស់ចូលរួមទស្សនានិងលើកទឹកចិត្តដល់អត្តពលិកពិការចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះទាំងអស់គ្នា។

ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា អាស៊ានប៉ារ៉ាហ្គេមក្រៅ ពីរឿងឈ្នះ-ចាញ់ ក៏ជាឱកាសធ្វើឱ្យអត្តពលិកពិការ ភាពមានអារម្មណ៍ ថាពួកគាត់ធម្មតាដូចគេដូចឯង។ ឯកឧត្ដមបន្ដថាអត្តពលិកពិការ ត្រូវការគាំទ្រ និងការលើកទឹកចិត្តពីអ្នកគ្រប់គ្នា។

ពួកគាត់ចង់ឱ្យអ្នកគាំទ្រចូលរួម និងស្វែងយល់ពីពួកគេ ហើយអាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសសម្រាប់ពួកគេក្នុងការបង្ហាញសមត្ថភាពហើយ។ ការដណ្ដើមមេដាយជារឿងសំខាន់ ហើយអ្វីដែលសំខាន់ជាងនោះទៀតនោះ គឺទឹកចិត្តនៃការខិតខំប្រឹងប្រែងរបស់អត្តពលិកដើម្បីជាតិ និងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាចំពោះកីឡាករ កីឡាការនី ដែលខំបំពេញភារកិច្ច ដើម្បីជាកិត្តិយស និងនាំយកភាពជោគជ័យជូនជាតិ។

កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ កាលពីឆ្នាំ២០២២ កម្ពុជាក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ដែលអត្តពលិកកម្ពុជាចំនួន១១៥ នាក់ បានចូលរួមប្រកួត និងទទួលបានមេដាយសរុបចំនួន ២៨មេដាយ៕