Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Roma ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Greenwood

  • បោះពុម្ព

 

ក្លឹបអ៊ីតាលី Roma មានបំណងចង់ខ្ចីជើងខ្សែប្រយុទ្ធ Mason Greenwood ពីក្លឹប Manchester United។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។

អ្នកចាត់ការក្លឹប Roma លោក Jose Mourinho ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែប្រយុទ្ធ Greenwood ដោយលោកសម្លឹងឃើញសក្ដានុពលរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។

បើតាមរបាយការណ៍ចុងក្រោយ ក្លឹបបិសាចក្រហមក៏ចង់ឲ្យកីឡាកររូបនេះខ្ចីជើងទៅជាក្លឹបសមរម្យណាមួយផងដែរ ដើម្បីឲ្យខ្សែប្រយុទ្ធបានទទួលនូវភាពជឿជាក់លើខ្លួនឯងឡើងវិញ បន្ទាប់ពីខានលេងបាល់ទាត់ជាផ្លូវការជាង ១ ឆ្នាំកន្លះរួចមកហើយ ដោយបញ្ហាផ្លូវច្បាប់មួយចំនួន។

បច្ចុប្បន្ន បិសាចក្រហមបន្តផ្អាកជាបណ្ដោះអាសន្នមិនឲ្យMason Greenwood ចូលរួមលេងប្រកួតផ្លូវការ ឬចូលហ្វឹកហាត់ជាមួយក្រុមឡើយ តែក្លឹបអនុញ្ញាតឲ្យកីឡាកររូបនេះបន្តហាត់តែឯងបាន។

គួរបញ្ជាក់ផងដែរ Greenwood ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២កន្លងទៅ ក្រោយសង្សាររបស់ខ្លួន Harriet Robson បានបង្ហោះវីដេអូ និងរូបភាពកីឡាកររូបនេះវាយធ្វើបាបនាង។

យ៉ាងណានៅដើមខែកុម្ភៈ កីឡាករនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែការស៊ើបអង្កេតនៅតែបន្ត ពាក់ព័ន្ធបទចោទ សង្ស័យមានចេតនាវាយធ្វើបាបប្រើអំពើហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់ លើនារីជាសង្សាររបស់ខ្លួននេះ ។

ក្រោយការស៊ើបអង្កេតជាង ១ ឆ្នាំកន្លងទៅ តុលាការសម្រេចទម្លាក់បទចោទមកលើកីឡាកររូបនេះកាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ទោះជាទម្លាក់បទចោទក្ដី នៅមានរឿងផ្លូវច្បាប់មួយចំនួននៅបន្ត។ ដូច្នេះហើយទើប Man Utd បន្តផ្អាកកីឡាកររូបនេះមិនចូលលេង ឬហ្វឹកហាត់ជាមួយក្រុម។

ទោះជាយ៉ាងណា សេចក្ដីរាយការណ៍ចុងក្រោយជាច្រើន បានលើកឡើងថាអ្នកចាត់ការបិសាចក្រហម លោក Erik Ten Hag ពេញចិត្តនឹងសក្ដានុពលរបស់ Greenwood ហើយមិនចង់លក់កីឡាកររូបនេះឡើយ តែបើចាំបាច់អាចបណ្ដោយឲ្យកីឡាករខ្ចីជើងនៅក្លឹបសមរម្យណាមួយបាន៕