បណ្តាញសង្គម

កីឡាករ បាល់ទាត់ ចាន់ វឌ្ឍនាកា ត្រូវបានក្រុមហ៊ុន Seatel ជ្រើសរើស ជាទូតសុច្ឆន្ទៈ ប្រចាំក្រុមហ៊ុន

ភ្នំពេញ៖ ក្រុមហ៊ុនទូរសព្ទ័ចល័ត South East Asia Telecom ( Seatel ) បានសម្រេច ជ្រើសរើស កីឡាបាល់ទាត់ ជំរើសជាតិ លោក ចាន់ វឌ្ឍនាកា ជាទូតសុច្ឆន្ទៈ ប្រចាំក្រុមហ៊ុនរបស់ខ្លួន រយៈពេល១ឆ្នាំ ក្នុងការផ្សព្វផ្សាយ ស្ពតពាណិជ្ជកម្ម និង សកម្មភាពនានា របស់ក្រុមហ៊ុន ។

 ថ្លែងក្នុងពិធី ចុះហត្ថលេខា និងតែងតាំងកីឡាករ ចាន់ វឌ្ឍនាការ ជាទូតសុច្ឆនៈឯកសិទ្ធិតំណាងក្រុមហ៊ុនជាផ្លូវការ កាលពីថ្ងៃទី១១ មករា ម្សិលមិញនេះ លោក Yang Liqun អគ្គនាយករងក្រុមហ៊ុន Seatel បានមាន ប្រសាសន៍ថា លោក ចាន់ វឌ្ឍនាកា ជាកីឡាករបាល់ទាត់ អាជីពដ៏ឆ្នើមមួយ រូបស្មារតីតស៊ូពុះពារ និងបច្ចេកទេសគ្រប់គ្រងបាល់ដ៏អស្ចារ្យ នៅលើទីលាន ប្រកួតរបស់លោក គឺមានលក្ខណៈដូចគ្នា យ៉ាងខ្លាំងទៅ នឹងស្មារតី សហគ្រាស នៃការខិតខំពង្រីក ឈានទៅមុខជានិច្ច របស់ក្រុមហ៊ុន Seatel ដើម្បីផ្ដល់នូវ ផលិតផល មានគុណភាព និងល្បឿនលឿន ផងដែរ។

លោកបន្តថា តាមរយៈកិច្ចសហការនេះ និងប្រជាប្រិយភាព ដ៏ខ្លាំងរបស់ កីឡាករ ចាន់ វឌ្ឍនាកា នៅក្នុងសង្គម សាធារណៈ នឹងធ្វើឲ្យ ម៉ាកសញ្ញា និងប្រជាប្រិយភាព របស់ក្រុមហ៊ុន Seatel ទទួលបាននូវការគាំទ្រ ពីអតិថិជនកម្ពុជា បន្ថែមមួយកម្រិតទៀត ។

លោក បន្ថែមទៀតថា ក្នុងនាមជា ប្រតិបត្តិករ ទូរគមនាគមន៍ ដំបូងគេ នៅក្នុងកម្ពុជា ដែលបានផ្ដល់សេវា អ៊ីនធើណេត 4G VoLTE 100% Seatel បានខិតខំ ប្រឹងប្រែងនាំ មកនូវសេវា អ៊ិនធើណេត ដែលមានល្បឿនលឿនបំផុត និងសេវាហៅ ទូរស័ព្ទជាសំឡេង ដែលមានកម្រិត ច្បាស់បំផុត ដើម្បីផ្ដល់ជូន អតិថិជន ដែលប្រើប្រាស់ ប្រព័ន្ធ ០១៨ ទាំងអស់ ។

លោក បែ មករា នាយក គ្រប់គ្រង ក្លឹបបាល់ទាត់ បឹងកេតអង្គរ បានលើកឡើងថា ចាន់ វឌ្ឍនាកា ជាកីឡាករដ៏មាន សក្ដានុពលមួយរូប និងធ្លាប់ទទួល បានរង្វាន់កិត្តិយស ជាច្រើន ដូចជាពានរង្វាន់ កីឡាករលេង បានល្អបំផុត ប្រចាំឆ្នាំ ២០១៤ ពានរង្វាន់ Toyota Mekong club Championship  ពានរង្វាន់ ស្បែកជើងមាស ក្នុងការប្រកួតពាន រង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៣ និងក្នុងការប្រកួត Cambodia Premiere League រដូវកាលឆ្នាំ ២០១៥ជាដើម ។

ដោយឡែក កីឡាករ ចាន់ វឌ្ឍនាការ បានលើក ឡើងថា ក្នុងរយៈ ពេលមួយឆ្នាំ ទៅមុខនេះ លោកនឹង ខិតខំប្រឹងប្រែង ឲ្យអស់ ពីកម្លាំងកាយ ចិត្តក្នុងការផ្សព្វផ្សាយ សេវាទូរស័ព្ទនេះ ទៅដល់បងប្អូន ប្រជាជនកម្ពុជា ទាំងអស់គ្នា ដើម្បីអោយពួក គាត់បានស្គាល់ និងសាកល្បង ប្រើប្រាស់សេវាកម្ម ទូរស័ព្ទ Seatel នេះ ។ លោកមានជំនឿ ចិត្តថា ក្នុងការ សហការគ្នានេះ នឹងធ្វើឲ្យ ក្រុមហ៊ុនទទួល បានជោគជ័យនៃ អាជីវកម្មនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល