បណ្តាញសង្គម

Ronaldo អបអរ ខណៈ Real ឈ្នះ​ដោយ​ងាយ

ក្រុងម៉ាឌ្រីដ: ខ្សែបម្រើ Cristiano Ronaldo បានដង្ហែពានរង្វាន់បាល់មាស Ballon d'Or ទី ៤ របស់គេ និងបានរកគ្រាប់បាល់បញ្ចូលទីជាលើកទី ១ របស់គេក្នុងឆ្នាំ ២០១៧ ខណៈដែលក្រុម Real Madrid បានតាមស្មើកំណត់ត្រានៃការមិនស្គាល់ចាញ់របស់ក្រុម Barcelona ចំនួន ៣៤ ប្រកួត ក្រោយពីបានផ្តួលក្រុម Granada យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍។

ក្រុម Sevilla បានឡើងឈរពីលើក្រុម Barcelona ក្នុងចំណាត់ថ្នាក់លេខ ២ ដោយដេញតាមពីក្រោយក្រុម Real ៤ ពិន្ទុ ក្រោយពីខ្សែប្រយុទ្ធ Wissam Ben Yedder បានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ក្នុងពេលពួកគេទទួលជ័យជម្នះ ៤-០ នៅលើទឹកដីក្រុមឈរលេខ ៦ Real Sociedad ខណៈដែលក្រុម Atletico Madrid បានទទួលជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Eibar ដើម្បីឡើងទៅឈរលេខ ៤។ នៅកីឡដ្ឋាន Bernabeu ខ្សែប្រយុទ្ធ Ronaldo ត្រូវបានប្រគល់រង្វាន់បាល់មាសដោយអតីតម្ចាស់ពាន Ballon d'Or ដែលធ្លាប់លេងឲ្យក្លិប Real Madrid ក្នុងនោះរាប់បញ្ចូលទាំង Luis Figo, Ronaldo, Michael Owen និងគ្រូបង្វឹករបស់គេគឺលោក Zinedine Zidane ផងដែរ នៅមុនពេលចាប់ផ្តើមប្រកួត។

ការមិនស្គាល់ចាញ់របស់ក្រុម Real ចាប់តាំងពីខែមេសា ឆ្នាំមុន បានបន្ត នៅពេលដែលការប្រកួតចាប់ផ្តើមដំណើរ ខណៈដែលពួកគេបានស៊ុតបាល់បញ្ចូលទីដល់ទៅ ៤ គ្រាប់ក្នុងរយៈពេល ៣០ នាទីដំបូង។ ខ្សែបម្រើ Isco និងខ្សែប្រយុទ្ធ Karim Benzema សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា នៅមុន ពេល Ronaldo ដែលបានសម្រាកក្នុងពេលក្រុម Real យកឈ្នះលើក្រុម Sevilla ៣-០ កាលពីពាក់កណ្តាលសប្តាហ៍មុន បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីដោយការប្រើក្បាល ពីការបញ្ជូនបាល់របស់ Marcelo។

ការរកគ្រាប់បាល់បញ្ចូលទីដ៏ងាយស្រួលមួយគ្រាប់ផ្សេងទៀតពី Isco បានជួយឲ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ទី ៤ នៅមុនពេលបញ្ចប់តង់ទី ១ ហើយ Casemiro បានរកគ្រាប់បាល់ទី ៥ ក្រោយពីការស៊ុតបាល់ពិន័យ Free-kick របស់ James Rodriguez ក្នុងតង់ទី ២។ ក្រុម Barcelona អាចនឹងវិលទៅដេញតាមពីក្រោយក្រុម Real បីពីន្ទុវិញ ប្រសិនបើពួកគេទទួលជ័យជម្នះនៅលើទឹកដីក្រុម Villarreal នៅថ្ងៃអាទិត្យ ម្សិលមិញ។ លោក Zidane បាននិយាយទាក់ទងនឹងទម្រង់លេងរបស់ក្រុមខ្លួនថា៖ «វាគ្មានដែនកំណត់ឡើយ ប៉ុន្តែ យើងបានធ្វើរាល់អ្វីៗទាំងអស់តាមដែលអាចដើម្បីធ្វើឲ្យប្រាកដថា វាជាសមត្ថភាពចុងក្រោយ»។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានធ្វើការផ្លាស់ប្តូរកីឡាករបួននាក់ពីក្រុមដែលបានផ្តួល Sevilla យ៉ាងងាយស្រួលកាលពីពាក់កណ្តាលសប្តាហ៍មុន ស្របពេល Keylor Navas វិលទៅកាន់តួនាទីជាអ្នកចាំទីវិញ ខណៈ Ronaldo, Benzema និង Isco ត្រូវបានដាក់ឲ្យលេងក្នុងតំបន់ប្រយុទ្ធ។ លោក Zidane បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវម្តងទៀត ខណៈដែលរាល់កីឡាករទាំងបីសុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទី ដូចគ្នា។

លោក Zidane បានឲ្យដឹងថា៖ «ការប្រកួតនេះត្រូវបានរៀបចំក្នុងផែនការច្បាស់លាស់ដោយអាស្រ័យទៅលើថា យើងមានរយៈពេល ៣ ទៅ ៤ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែ គោលបំណងគឺតែងតែផ្តោតលើការប្រឹងឲ្យអស់ពីលទ្ធភាពរបស់យើង ត្រៀមឲ្យបានរួចរាល់ និងផ្តោតអារម្មណ៍ទាំងស្រុង»។ លោកបានប្រាប់បន្ថែមទៀតថា៖ «ប្រសិនបើយើងត្រៀមលក្ខណៈបានរួចរាល់ និងផ្តោតអារម្មណ៍លើការប្រកួតបានល្អ យើងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន»៕

ដកស្រង់ពី៖ PostKhmer