បណ្តាញសង្គម

Klopp ​​ថា​គ្មាន​ថ្ងៃ​ព្រម​លក់​ Coutinho ទៅ​​​ឲ្យ​​​ Barcelona​ ទេ

អ្នកចាត់ការ Jurgen Klopp របស់ក្រុម Liverpool បាននិយាយ បញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានគម្រោង និងគ្មានថ្ងៃលក់តារាឆ្នើម Philippe Coutinho ទៅឲ្យក្លឹបយក្សអេស្ប៉ាញ FC Barcelona ឡើយ នៅខែមករានេះ ឬនៅរដូវកាលក្រោយ។

Barcelona ចាប់អារម្មណ៍ Coutinho យ៉ាងខ្លាំងកាលប៉ុន្មានខែមុន ដោយពួកគេគ្រោងនឹងឲ្យថ្លៃ ៦០លានផោន ដើម្បីទិញយកនៅខែមករានេះ ប៉ុន្តែក្រោយមកកីឡាករជម្រើសជាតិប្រេស៊ីល បានរងរបួសសម្រាករយៈពេលជាង១ខែ ទើបស្ងប់ស្ងាត់មួយរយៈវិញ។

យ៉ាងណាក្ដី ពេលនេះកីឡាករវ័យ២៤ឆ្នាំ បានជាពីរបួសវិញហើយ ប៉ុន្តែ Klopp ចេញមកនិយាយការពារមុនថា លោកនឹងមិនលក់ Coutinho ដាច់ខាត។ “យើងគ្មានគំនិត ឬគម្រោងលក់ Coutinho ចេញឡើយ ព្រោះគាត់ជាកីឡាករសំខាន់របស់យើង។ គ្រប់យ៉ាងគ្មានការប្រែប្រួលទេ។

វាពិតជាល្អ បើក្លឹបធំៗ បំភ្លេចរឿងចង់បានគាត់ ព្រោះគាត់របួស៥ទៅ៦សប្តាហ៍មកហើយ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ពេលនេះគាត់ជាកីឡាកររបស់យើង ហើយគាត់នឹងនៅតែជាកីឡាកររបស់យើង”។ Klopp បានបញ្ជាក់ពីរឿង Barcelona ចង់ទិញ Coutinho។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ គ្រោងនឹងដាក់ Coutinho ឲ្យចូលលេងនៅកៅអីបម្រុង ពេលប៉ះ Southampton ក្នុងការប្រកួត League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃពុធស្អែក និងសង្ឃឹមរូបគេអាចលេងជម្រើសដំបូងក្នុងប្រកួតធំ ពេលប៉ះបិសាចក្រហម Manchester United នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

 

 

 

ដកស្រង់ពី៖ Sabay