បណ្តាញសង្គម

ហេតុ​ផល​៨​យ៉ាង​​ដែល​ក្លឹប​ចិន​នាំ​ចូល​ Super Stars​ លំដាប់​ពិភព​លោក​

មួយរយៈពេលចុងក្រោយនេះ ក្លឹបនៅលីគបាល់ទាត់កំពូលចិនបានកំពុងនាំយកកីឡាករលំដាប់ពិភពលោកចូលក្រុមដូចជាក្លឹប Shanghai Shenhua នាំយក Tevez ដោយផ្តល់កម្លាំងពលកម្ម ៦១៥០០០ផោនក្នុង១សប្ដាហ៍ ឬ១ផោនក្នុង១វិនាទី និង៣២លានផោនក្នុង១ឆ្នាំជាដើម។

ការនាំយកកីឡាករល្បីៗលំដាប់អន្តរជាតិនេះ ក្លឹបនៅចិនបានចំណាយប្រាក់ដ៏ច្រើនមហាសាលដែលធ្វើឲ្យកីឡាករទាំងនោះទទួលបានប្រាក់ចំណូលខ្ពស់កប់ពពក។ប្រភពព័ត៌មាន forbes បានបង្ហាញថា មេដឹកនាំកំពូលចិនលោកប្រធានាធិបតី Xi Jinping កំពុងផ្តោតអារម្មណ៍លើវិស័យបាល់ទាត់ខ្លាំង។ Sabay សូមបង្ហាញហេតុផល៨យ៉ាងដែលក្លឹបលីគកំពូលចិនហ៊ានចំណាយប្រាក់ដ៏ច្រើនមហាសាលដើម្បីនាំយក Super Stars ចូលក្លឹបរបស់ពួកគេ។

១- យុទ្ធសាស្ត្របាល់ទាត់២០២០៖ ចិនមានសេដ្ឋកិច្ចរីកចម្រើន លោកប្រធានាធិបតី Jinping បានដាក់បញ្ចូលវិស័យកីឡាបាល់ទាត់ចូលក្នុងកម្មវិធីសិក្សានៅសាលារៀនដើម្បីជំរុញក្មេងជំនាន់ក្រោយឲ្យចាប់អារម្មណ៍បាល់ទាត់ក្នុងនោះត្រឹមឆ្នាំ២០២០ត្រូវមានទីលានលេងបាល់ចំនួន២០ ០០០កន្លែង និងក្មេងៗចំនួន៥០លាននាក់ត្រូវតែចេះលេងបាល់ទាត់។

២- ក្រុមល្អបំផុតនៅអាស៊ីត្រឹមឆ្នាំ២០៣០៖ តាមរយៈយុទ្ធសាស្ត្រឆ្នាំ២០២០ដែលមានក្មេង៥០លាននាក់មានសមត្ថភាពបាល់ទាត់ ចិនបានកំណត់គោលដៅមួយជំហ៊ានទៀតគឺឆ្នាំ២០៣០ ក្រុមបាល់ទាត់ជម្រើសជាតិនឹងក្លាយជាក្រុមល្អបំផុតមួយក្នុងចំណោមជម្រើសជាតិល្អៗបំផុតនៅទ្វីបអាស៊ី ហើយក្រុមបាល់ទាត់ជម្រើសជាតិនារីក៏ជាក្រុមល្អបំផុតដែរ។

៣- ពាន World Cup ២០៥០៖ តាមការលេចឮបន្តបន្ទាប់មកថា ប្រទេសចិនបានដាក់គោលដៅដើម្បីប្រជែងយកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០៥០ (FIFA World Cup)។ ដូច្នេះហើយទើបបានជាប្រទេសមួយនេះបានទិសដៅចាប់ពីឆ្នាំ២០២០។

៤- ពង្រីកកេរ្តិ៍ឈ្មោះក្លឹប៖ ការនាំយកកីឡាករល្បីៗលំដាប់ពិភពលោកជាផ្នែកមួយដ៏សំខាន់ដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់ក្លឹបតាមកីឡាករ និងក្លឹប ព្រមទាំងបណ្តាញសារព័ត៌មាន។ តារាឆ្នើមម្នាក់ៗប្រចាំក្លឹបពិតជាដើរតួសំខាន់ណាស់សម្រាប់កេរ្តិ៍ឈ្មោះរបស់ក្លឹប។

៥- បង្កើនគុណភាពលីគកំពូលចិន៖ ការនាំយកកីឡាករល្អចូលក្លឹបនៅលីគកំពូលជាផ្នែកមួយសំខាន់ដើម្បីជួយជំរុញទឹកចិត្តយុវជនថ្នាលឲ្យខិតខំប្រឹងប្រែងហាត់ និងជំរុញឆន្ទៈរបស់ពួកគេ។ Super Stars នឹងនាំយកបច្ចេកទេសថ្មី បាល់ទាត់ថ្មីតាមបែបសម័យទំនើប បទពិសោធន៍ថ្មី និងការផ្លាស់ប្តូរថ្មីដែលធ្វើឲ្យក្លឹបកាន់តែមានគុណភាពក្នុងនោះមានទាំងនាំចូល គ្រូបង្វឹក និងអាជ្ញាកណ្តាល។

៦- បង្កើនគុណភាពក្លឹប៖ កម្រិតសមត្ថភាពរបស់ក្លឹបកំពូលៗនៅប្រទេសចិនហាក់មានកម្រិតទាបនៅឡើយ បើធៀបនឹងក្លឹបកំពូលៗនៅប្រទេសជប៉ុន ឬកូរ៉េជាដើម។ ក្លឹបធំៗរបស់ចិនកំពុងសម្លឹងឆ្ពោះទៅរកការឈ្នះពានរង្វាន់ AFC Champions League ដែលជាពានលំដាប់កំពូលនៅអាស៊ី។ ដូច្នេះហើយពួកគេបានចំណាយប្រាក់ដ៏ច្រើនមហាសាលដើម្បីនាំយក Super Stars លំដាប់ពិភពលោកមកពីតំបន់អឺរ៉ុបដើម្បីពង្រឹងគុណភាពក្លឹប។

៧- ការវិនិយោគបាល់ទាត់៖ ការស្វែងរកប្រាក់ចំណេញរឹតតែសំខាន់សម្រាប់ពួកគេ។ នៅពេលក្លឹបៗនីមួយៗនាំចូលតារាឆ្នើមៗគឺជាផ្នែកមួយទាក់ទាញអ្នកគាំទ្រយ៉ាងខ្លាំងឲ្យឲ្យចាប់អារម្មណ៍លើក្លឹបរបស់ពួកគេ។ ពេលក្លឹបល្បីមានអ្នកគាំទ្រច្រើន ក្រុមហ៊ុនឯកជនកាន់តែចង់ចូលរួមឧបត្ថម្ភ ដូច្នេះក្លឹបនឹងបានចំណូលច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែលក់អាវរបស់ Super Star ម្នាក់ៗក៏រកចំណូលបានរាប់លានដុល្លារទៅហើយដោយសារប្រជាជនចិនច្រើនជាងគេលើលោក។

៨- ការវិនីយោគរបស់ចិននៅក្លឹបអឺរ៉ុប៖ តាមការផ្សាយរបស់ BBC បង្ហាញថា ក្រុមហ៊ុនចិនជាច្រើនបានកំពុងធ្វើអាជីវកម្មរបស់ខ្លួននៅតាមបណ្តាលក្លឹបធំៗនៅតំបន់អឺរ៉ុប។ ក្រុមហ៊ុន CMC/Citic Capital មានភាគហ៊ុន១៣%នៅក្រុមហ៊ុន City Football Group ដែលជាក្រុមហ៊ុនមេរបស់ក្លឹបអង់គ្លេស Man City។ ក្រុមហ៊ុន Rastar Group មានភាគហ៊ុន៥៦%នៅក្លឹបរបស់អេស្ប៉ាញ Espanyol។

ក្រុមហ៊ុន Dalian Wanda Group មានភាគហ៊ុន ២០%នៅក្លឹបលីគកំពូលអេស្ប៉ាញ Atletico Madrid។ ក្រុមហ៊ុន CEFC China Energy Company មានភាគហ៊ុន៦០%នៅក្លឹបលីគឆែក Slavia Prague។ ក្រុមហ៊ុន Ledus ជាម្ចាស់របស់ក្លឹបបារាំង Sochaux និងក្រុមហ៊ុន United Vansen International Sports មានភាគហ៊ុនធំនៅក្លឹបរបស់ហុល្លង់ ADO Den Haag៕

ដកស្រង់ពី៖ Sabay