បណ្តាញសង្គម

កែវ សុខផេង ​បង្ហើបចំណុច​ខ្វះខាត​​កីឡាករ​ក្មេង​ៗ​​ក្រោន​​​ចំនួន​២​​ត្រៀម​ AFC Cup

ខ្សែប្រយុទ្ធឆ្នើម របស់ក្លឹបភ្នំពេញក្រោន កែវ សុខផេង បង្ហើបចំណុច អវិជ្ជមានចំនួន ២ របស់យុវជនថ្នាល នៃក្លឹបរបស់ខ្លួន ដែលដាក់ឲ្យលេង លាយឡំគ្នាជាមួយ កីឡាករចាស់ៗ ក្នុងការត្រៀមប្រកួតវគ្គ ជម្រុះពានរង្វាន់ AFC Cuop 2017។

ការប្រកួតសមជើងកាលពីយប់មិញរបស់ក្លឹប ភ្នំពេញក្រោន ជាមួយ Buriram United បានប្រើប្រាស់កីឡាករយុវជនមួយចំនួនធំក្នុងការស្ទាបស្ទង់សមត្ថភាព ត្រៀមការប្រកួតវគ្គជម្រុះ AFC Cup 2017 ។ តាមពេលវេលាកំណត់កម្មវិធីប្រកួតនេះគ្រោងធ្វើការប្រកួតនាថ្ងៃទី៣០ ខែមករា នៅទីលាន RSN ដែលភ្នំពេញក្រោន ត្រូវជួបក្រុម Home United របស់សិង្ហបុរី។ ក្រោយបរាជ័យក្រោមថ្វីជើង Buriram៦-០ ខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង បានឲ្យដឹងថា ភាពអវិជ្ជមានធំបំផុតនៃកីឡាករយុវជនភ្នំពេញក្រោនគឺកាយសម្បទាតូច។

ចំណុចនេះធ្វើឲ្យ យុវជនទាំងនោះ មិនអាចរត់ប្រជែង យកបាល់ពីដៃគូ និងងាយស្រួលដល់ដៃគូ ដណ្ដើមយកបាល់បានយ៉ាងស្រួល។ ចំណុចទី២ ដែលសំខាន់ដែរនោះគឺកីឡាករយុវជនទាំងនោះមិនទាន់ លេងយល់ចិត្តគ្នាជាមួយកីឡាករចាស់ៗ ដែលធ្លាប់មានបទពិសោធន៍ច្រើនលើទីលាន។ ភាពមិនស៊ីចង្វាក់គ្នានេះអាចមកពីពួកគេនៅមានបទពិសោធន៍តិចក្នុងការប៉ះក្រុមខ្លាំងៗ។ខ្សែប្រយុទ្ធឆ្នើម ជម្រើសជាតិកម្ពុជា រូបនេះបន្ថែមថា ពិតជាអរគុណ Buriram មែនទែន ដែលធ្វើឲ្យមិត្តរួមក្រុម របស់គេបានឃើញនូវ ភាពអវិជ្ជមានទាំងនេះ។

ប៉ុន្តែ សុខផេង សង្ឃឹមថា ក្រុមភ្នំពេញក្រោន នឹងធ្វើបានល្អនាជំនួប ផ្លូវការពិតប្រាកដជាមួយHome United ។សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC Cup 2017 នឹងធ្វើឡើងចំនួនពីរជើង ដោយជើងទី១ ធ្វើឡើងនាពេលវេលាខាងលើ។ ចំណែកជើងទីពីរ ធ្វើឡើងនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទឹកដីក្រុម Home United របស់សិង្ហបុរី៕

ដកស្រង់ពី៖ Sabay