បណ្តាញសង្គម

ឡុង សុភី ឡើង​សងសឹក Phach Aroun ទំនង​ជា​ស័ក្តិសម

ភ្នំពេញៈ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍ ទទួលរងការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកទស្សនា ដោយសារបញ្ហាផ្គូផ្គងឲ្យកីឡាករប្រកួតគ្នាហាក់បីដូចមានកម្រិតវិជ្ជាគុន និងសមត្ថភាពខុសពីគ្នាឆ្ងាយពេក។

មិនតែប៉ុណ្ណោះលទ្ធផលនៃការប្-កួត គឺមានឈ្នះនិងចាញ់ដោយសន្លប់ច្រើនបំផុត ដែលមិនធ្លាប់មានកន្លងមក ជាពិសេសជើងខ្លាំងរបស់ថៃមួយចំនួនមានសមត្ថភាពខ្ពស់មានប្រៀបលើកីឡាករខ្មែរជានិច្ច។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនៅល្ងាចថ្ងៃសុក្រ សប្តាហ៍នេះ ការផ្គូផ្គងឲ្យប្រកួតគ្នា ទំនងដូចជាមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដែលមើលទៅអាចនឹងល្អមើល ហើយអ្នកព្យាករក៏មិនអាចទស្សន៍ទាយឈ្នះ ឬចាញ់ មុនប្រកួតបានដែរ គឺជំនួបប្រកួតគូឯកអន្តរជាតិរវាង ឡុង សុភី ជាមួយជើងចាស់របស់ថៃ Phach Aroun ក្នុងប្រភេទទម្ងន់ ៦៩ គក្រ ហើយអ្នកប្រដាល់វ័យក្មេង វេង សុភ័ក្រ ជួបអ្នកប្រដាល់ថៃ Yorth Phechhit Chhai ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

តាមការប្រកួតរបស់ សុភី និង Phach Aroun ដែលធ្លាប់មកប្រកួតស្រុកខ្មែរញឹកនោះ ពួកគេជាប្រភេទកីឡាករវាយមិនសំចៃកម្លាំង និងមានឈ្មោះបោះសំឡេងល្អ ប្រកួតជក់ចិត្តដិតអារម្មណ៍។

Phach Aroun ជាកំពូលជើងខ្លាំងធ្លាប់វាយឈ្នះ មឿន សុខហ៊ុច ចំនួន ២ លើក ស្មើជាមួយ រឿង សោភ័ណ្ឌ ធ្លាប់ឈ្នះ និងចាញ់ ពុទ្ធ ឆាយរិទ្ធី ធ្លាប់ឈ្នះសរ រាជសីហ៍ ឈ្នះ ផង់ សុភាព និងឈ្នះ ឡុង សុភី ក្នុងទឹកទី ២ ផងដែរ ប៉ុន្តែការប្រកួតចុងក្រោយរបស់គេ គឺបានចាញ់ ឡុង សុវណ្ណឌឿន ក្នុងទឹកទី ៤។

ចំណែក ឡុង សុភី ទោះបីធ្លាប់ចាញ់ Phach Aroun កាលពីមុន ប៉ុន្តែមួយរយៈចុងក្រោយនេះ ឡុង សុភី ប្រកួតឈ្នះថៃជាបន្តបន្ទាប់ ព្រមទាំងមានកម្រិតវិជ្ជាគុនកាន់តែល្អឡើងវិញហើយគណៈកម្មការ ផ្គូផ្គងដាក់ឲ្យប្រកួតសងសឹកគ្នាលើកនេះ គឺស័ក្តិសមបំផុត។

Phach Aroun ធ្លាប់ឆ្លងកាត់ការប្រកួតបាន ៨៤ ដង ឈ្នះ ៧៣ និងចាញ់ចំនួន ១១ ដង ចំណែក ឡុង សុភី មានប្រវត្តិប្រកួតបាន ១៤៣ ដង ឈ្នះ ១០៧ ចាញ់ ២៧ ស្មើ ៩ ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន ១៧ ដង។

ជាធម្មតាទម្លាប់របស់ ឡុង សុភី បានផ្តល់សម្ភាសមុនប្រកួត មិនដែលរំពឹងឈ្នះលើសពី ៦០ ភាគរយនោះទេ ប៉ុន្តែការប្រកួតរបស់គេនៅលើសង្វៀនវិញ មានសម្ទុះខ្លាំងជាងការនិយាយ។

ឡុង សុភី ជាអ្នកប្រដាល់ជំនាញប្រើក្បាច់ជង្គង់ និងមានមុខស្វិត លំបាកផ្តួលឲ្យសន្លប់ណាស់ហើយការដាក់ឲ្យឡុង សុភី សងសឹក Phach Aroun នេះគឺអ្នកទស្សនាភាគច្រើនហៅថាស័ក្តិសមគ្នា ព្រោះសមត្ថភាពប្រហែលគ្នា ខណៈសុភី មានទំនុកចិត្តនឹងយកឈ្នះ Phach Aroun បាន។

ជុំវិញការហ្វឹកហាត់របស់ Phach Aroun សម្រាប់ការវិលមកបង្ហាញខ្លួន នៅកម្ពុជា លើកនេះ លោក ថៃ អ៊ូ អ្នកគ្រប់គ្រងកីឡាករថៃ និយាយថា Phach Aroun ទើបយកមកហ្វឹកហាត់បានតិចថ្ងៃនៅឡើយ មិនទាន់ហ៊ានសន្និដ្ឋានទេ ចាំមើលជាក់ស្តែងទៅ។

ចំពោះការជួបគ្នារវាង វេង សុភ័ក្រ ក្លិបកងពលតូចទ័ពឆត្រយោង ៩១១ និង Yorth Phechhit Chhai ក៏ជាគូប្រកួតសងសឹកផងដែរ ព្រោះ ថៃនេះ ធ្លាប់ចាញ់ វេង សុភ័ក្រ កន្លងមក ប៉ុន្តែកីឡាកររូបនេះ ខ្លាំង និងរឹងមាំ ស៊ូបានល្អ មិនងាយស្រួលនឹងបង្ក្រាបទេ។

Yorth Phechhit Chhai ធ្លាប់ប្រកួតបាន ៦៣ ដង ឈ្នះ ៥៦ និងចាញ់ ៧ ដង គឺតិចជាង វេង សុភ័ក្រ ដែលធ្លាប់ប្រកួតបាន ៦៨ ដង ឈ្នះ ៥៧ ចាញ់ ១០ និងស្មើ ១ ដង៕

ដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ័