Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តេក្វាន់ដូ ជួបការ​ខ្វះខាត​លើការ​ត្រៀម​ទៅ​ជើងឯក​ពិភពលោក

  • បោះពុម្ព

ភ្នំពេញៈ អត្តពលិកកីឡាតេក្វាន់ដូ ITF ចំនួន ១៥ នាក់ ដែលត្រូវបានសម្រិតសម្រាំងចេញពីការប្រកួត និងធ្វើតេស្តយ៉ាងត្រឹមត្រូវនោះ បាននិងកំពុងធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ នៅក្នុងពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមចេញទៅប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក ដែលនឹងត្រូវធ្វើនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកញ្ញា ខាងមុខនេះ។

យ៉ាងណាក៏ដោយ ការខ្វះខាតផ្នែកកញ្ចប់ថវិកា សម្រាប់ការចេញទៅប្រកួតនេះ វាកំពុងតែធ្វើឲ្យអត្តពលិកទាំងនេះ នៅតែមិនទាន់មានការប្រាកដក្នុង ចិត្តថា ពួកគេ នឹងត្រូវបានចេញទៅប្រកួតតាមការកំណត់ ឬត្រូវបានដកបេក្ខភាពចេញវិញ ដោយសារពុំមានថវិកាគ្រប់តាមចំនួនអត្តពលិកទាំង ១៥ នាក់នោះទេ ព្រោះសព្វថ្ងៃនេះថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កំពុងស្វះស្វែងរកថវិកាពីសប្បុរសជន សម្រាប់គម្រោងចេញទៅប្រកួតជើងឯកពិភពលោក នៅក្នុងប្រទេសកូរ៉េខាងជើងនេះ។

លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមជម្រើសជាតិ និងជាបេក្ខភាពម្នាក់ ដែលត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនេះដែរ បានប្រាប់កាលពីម្សិលមិញថា៖ «យើងត្រៀមកីឡាករកីឡាការិនី ១៥ នាក់ (ស្រី ២) ប៉ុន្តែទាក់ទងនឹងថវិកា យើងមិនទាន់បានគ្រប់ចំនួនហ្នឹងទេ គឺយើងនៅរង់ចាំមើលថវិកាពីសហព័ន្ធ ជាមួយការរៀបចំរបស់ឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំផ្សេងទៀតសិន គ្រាន់តែគម្រោងរបស់យើង គឺបញ្ជូនអត្តពលិកទាំង ១៥ នាក់ទៅប្រកួត»។

ប៉ាល់ ជីវ័ន ដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោកនេះ បញ្ជាក់ថា៖ «បើសិនជាយើងអាចបានទៅចូលរួមប្រកួតទាំង ១៥ នាក់ យើងអាចលេងបានជាង ១០ វិញ្ញាសា ហើយម្នាក់ៗអាចលេងបានច្រើនវិញ្ញាសាទៀត ឯឱកាសឈ្នះបានមេដាយ ក៏មានច្រើនដែរ ប៉ុន្តែបើយើងទៅបានតិច គឺយើងនឹងខ្វះអេគីប ក្នុងការលេងនៅលើវិញ្ញាសាមួយចំនួន ដោយម្នាក់ៗអាច លេងបាន ១ ឬ ២ វិញ្ញាសាតែប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឱកាសតិច ក្នុងការដណ្តើមបានមេដាយផងដែរ»។

យ៉ាងណាក៏ដោយ អត្តពលិកទាំង ១៥ នាក់ រួមមានកីឡាករ ប៉ាល់ ជីវ័ន, ហ៊ វិចិត្រ, នាង សីហា, បុត្រ សេរីគង្គា, អោក សំនាង, ឃឿន ប៊ុនឡុង, សៀង អេងហ៊ុយ, ឃឿន ប៊ុនលាង, នេត្រ ហាក់លី, ទ្រី វរលក្ខណ៍, ជា ច័ន្ទឡា, តាំង សៀសុង, តាត់ ឧត្តម កីឡាការិនី រស់ ស្រីនិច និង រោយ មុល្លិកា ដែលមានឈ្មោះក្នុងបញ្ជីត្រៀមទៅប្រកួតជើងឯកពិភពលោកនេះ កំពុងហ្វឹកហាត់យ៉ាងអំណត់ ក្រោមការបង្វឹករបស់គ្រូបង្វឹកមកពីកូរ៉េខាងជើង លោក រី ឆុលណាំ ព្រមទាំងគ្រូជំនួយលោក បួនហ៊ីង សុធីយ៉ា លោកកៅ មករា និងគ្រូបង្វឹកនារីវេជ្ជបណ្ឌិត ហ៊ឹម រីដា ដើម្បីរង់ចាំស្តាប់ដំណឹងនៃការសម្រេចបញ្ជូនអត្តពលិកទៅប្រកួតលើកចុងក្រោយ នាចុងខែកក្កដានេះ។

កីឡាករ ហ៊ វិចិត្រ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំមិនទាន់ដឹងថា យើងអាចបានទៅប្រកួតទាំងអស់គ្នា ឬយ៉ាងណានោះទេ ព្រោះសហព័ន្ធ កំពុងជួបការខ្វះខាតលើផ្នែកថវិកា សម្រាប់ការចេញទៅប្រកួតនេះ ប៉ុន្តែខ្ញុំមិនបាក់ទឹកចិត្តនោះទេ គឺពួកខ្ញុំបានប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ត្រៀមការប្រកួតជើងឯកពិភពលោកនេះ ព្រោះពួកយើងបានព្យាយាមលើផ្នែកកីឡាតេក្វាន់ដូ ITF នេះយូរណាស់មកហើយ ខណៈពេលនេះតេក្វាន់ដូ ITF ទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលឯកឧត្តម កែវ រ៉េមី ចូលមកដឹកនាំសហព័ន្ធ»៕

ដកស្រង់ពី៖ PostKhmer