បណ្តាញសង្គម

អ្នកជំនាញ​ចង់​ពង្រីក​សក្តានុពល Go Kart នៅ​កម្ពុជា

ភ្នំពេញៈ អតីតម្ចាស់ជើងឯកការប្រណាំងឡាន Go Kart របស់ហុងកុង លោក Tse Yiu Chun Dennis និងលោក Barry Yip ម្ចាស់ក្លិប Cambodian Carting Circuit Club បាននិងកំពុងសហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ដើម្បីពង្រីកសក្តានុពលកីឡាប្រណាំងឡាន Go Kart ឲ្យមានភាពពេញនិយម និងរីកចម្រើននៅប្រទេសកម្ពុជា។

ទោះបីជាប្រភេទកីឡាថ្មី Go Kart មួយនេះ នៅមិនទាន់មានការពេញនិយមខ្លាំងនៅកម្ពុជា ដូចបណ្តាប្រទេសជឿនលឿនមួយចំនួន ប៉ុន្តែលោក Tse Yiu Chun Dennis និងលោក Barry Yip បានលើកឡើងថា ការប្រណាំងឡាន Go Kart នឹងមានភាពពេញនិយមនៅកម្ពុជា ក្នុងពេលអនាគត។

បុរសជនជាតិហុងកុង លោក Tse Yiu Chun Dennis ដែលធ្លាប់ជាម្ចាស់ជើងឯកការប្រណាំងឡាន Go Kart នៅហុងកុង ម៉ាកាវ និងនៅចិន និងបានវិវឌ្ឍខ្លួនមកជាអ្នកបច្ចេកទេសលើជំនាញកីឡានេះបាននិយាយថា៖ «ពិតណាស់កីឡាករ Go Kart ទើបតែមានវត្តមាននៅកម្ពុជា ហេតុនេះយើងត្រូវតែចាប់ផ្តើមពី ១ ជំហានទៅ ១ ជំហាន ហើយខ្ញុំគិតថា យើងនឹងទទួលបានជោគជ័យ ក្នុងការធ្វើឲ្យកីឡាប្រណាំងឡាន Go Kart ពេញនិយមនៅកម្ពុជា»។

ចំណែកលោក Barry Yip បាននិយាយថា៖ «ខ្ញុំមានការជឿជាក់ថា កីឡាប្រណាំងឡាន Go Kart និងក្លាយជាប្រភេទកីឡាមួយដ៏ពេញនិយមនៅកម្ពុជា នាពេលខាងមុខ ប៉ុន្តែជាដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយកីឡានេះឲ្យបានទូលំទូលាយជាមុនសិន»។

ការលើកឡើងរបស់អ្នកជំនាញទាំង ២ នេះ ត្រូវបានធ្វើឡើង នៅពេលពួកគាត់បានរៀបចំការប្រកួត Cambodia Karting Circuit Club Race 2017 លើទីលាន Cambodia Karting Circuit Club នៅម្តុំកំបូល កាលពីថ្ងៃអាទិត្យ ដោយមានអ្នកចូលរួមជិត ២០ នាក់ មកពី ៦ ប្រទេស រួមមាន កម្ពុជា ហុងកុង សហរដ្ឋអាមេរិក បែលហ្ស៊ិក ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី ក្រោមការសហការពី Elyfante ព្រមទាំងមានការជួយឧបត្ថម្ភពី Sailing Seafood Restaurant, Selleys, Montain Dew និង Q House Dining & Bar។

នៅក្នុងការប្រកួតនោះ កីឡាការិនីរបស់កម្ពុជា ឡាយ ស្រីរ័ត្ន បានបង្ហាញការបើកបរដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដើម្បីក្លាយជាម្ចាស់ជើងឯកក្រុមកម្រិត B ឯលេខ ២ បានទៅលោក David de woif មកពីបែលហ្ស៊ិក និងលេខ ៣ លោក Dadid Catry មកពីហែលហ្ស៊ិកដែរ។

ចំណែកក្រុមកម្រិត A សម្រាប់អ្នកជំនាញលេខ ១ បានទៅលោក Mark មកពីហ្វីលីពីន លេខ ២ លោក Chunts មកពីអាមេរិក និងលេខ ៣ បានទៅលោក Jovany មកពីអាមេរិកដែរ។

កីឡាការិនីវ័យ ២៥ ឆ្នាំ ឡាយ ស្រីរ័ត្ន បាននិយាយក្រោយការលើកពានថា៖ «ខ្ញុំចូលចិត្តលេងកីឡានេះ។ បើទោះបីនេះជាលើកទី ១ ដែលខ្ញុំបានចូលរួមការប្រកួត ប៉ុន្តែខ្ញុំពិតជាចង់ឲ្យមានព្រឹត្តិការណ៍ធំៗជាងនេះនៅកម្ពុជា ព្រោះ Go Kart ជាប្រភេទកីឡាដ៏ល្អមួយ ហើយអ្វីដែលពិសេសនោះ កីឡានេះធ្វើឲ្យយើងមានស្មារតីរឹងមាំ និងអាចយកឈ្នះលើខ្លួនឯង ព្រោះនៅក្នុងការប្រកួត យើងត្រូវជម្នះភាពភ័យខ្លាចរបស់ខ្លួនឯង ដើម្បីយកឈ្នះលើគូប្រកួត ដូច្នេះខ្ញុំចង់ឲ្យនារីៗខ្មែរយើងចូលលេងកីឡានេះឲ្យបានច្រើន ដើម្បីធ្វើឲ្យស្មារតីរឹងមាំ មិនចាញ់បុរស»។

ជាមួយការរៀបចំឲ្យមានការការប្រកួត Cambodia Karting Circuit Club Race 2017 នេះ លោក Barry Yip បានបង្ហើបឲ្យដឹងថា គឺដើម្បីទាក់ទាញបរទេសទាំងអស់នេះឲ្យចូលរួមនៅក្នុងការប្រកួតកីឡា Go Kart អន្តរជាតិ ដែលនឹងរៀបចំនៅខែក្រោយ ដោយលោកបានបញ្ជាក់ថា៖ «ការប្រកួតអន្តរជាតិដ៏ធំខាងមុខនេះ យើងសហការរៀបចំជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ហើយព្រឹត្តិការណ៍នេះ អាចមានអ្នកចូលរួមច្រើន មកពីជាង ១០ ប្រទេស»៕

ដកស្រង់ពី៖ PostKhmer