បណ្តាញសង្គម

ហុក សុចិត្រា ​នាំ​ក្រុម​ POSENCHEY FC ​លើក​ពាន KMH Cup ​​រង្វាន់​៥​ពាន់​ដុល្លារ

POSENCHEY FC បានលើកពាន KMH CUP រដូវកាលទី ៤ហើយ ក្រោយពីបញ្ចប់ ៣៨ប្រកួត ឈរនៅលើក្រុម PISNOKA FC ដែលប្រកួត ចាញ់ក្រុម CSSC Rolling FC កាលពីយប់មិញ ក្នុងលទ្ធផល ៣-៤។

ក្រោយពី ចំណាយពេល ជិត១ឆ្នាំ ក្នុងការប្រកួត ពានខាងលើនេះ ចុងក្រោយ ក្រុមដែលទទួល បានជើងឯក នោះគឺបានទៅ លើក្រុម POSENCHEY FC មាន៩៤ពិន្ទុ ឈរកំពូលតារាង។ ខណៈដែល ក្រុមត្រូវគេរំពឹងខ្ពស់ PISNOKA FC នោះ បែរជា ធ្វើឱ្យបាត់បង់ ឱកាសលើកពាន ទៅវិញ ពោលគឺ បែរជាចាញ់ក្រុម CSSC Rolling FC នៅប្រកួត ចុងក្រោយ ធ្វើឱ្យពួកគេ មានត្រឹមតែ ៩២ពិន្ទុប៉ុណ្ណោះ។

បរាជ័យ១ ប្រកួតនេះហើយ ទើបធ្វើឱ្យក្រុម POSENCHEY FC របស់លោក ហុក សុចិត្រា មានឱកាស ហក់ឡើងកំពូល តារាង និងកាន់ ពានរង្វាន់សម្រាប់ រដូវកាលនេះ តែម្ដង។ ក្រោយចប់ការ ប្រកួតនេះដែរ លោក ហុក សុចិត្រា ដែលជា កីឡាករលេង នៅក្នុងក្រុម POSENCHEY FC បាននិយាយថា នេះជាការ ប្រកួតពានរង្វាន់ មិនអាជីព ដែលអាច និយាយបានថា ធំជាងគេបំផុត នៅកម្ពុជា។

លោក សប្បាយចិត្ត ពេលឃើញវិស័យ បាល់ទាត់ រីកចម្រើន យ៉ាងនេះ ហើយក៏ចូលរួម អបអរដល់ សមាជិកទាំងអស់ ទទួលបាន ជ័យជម្នះ នេះផងដែរ។ ក្រុម POSENCHEY FC ជាក្រុមចំណូល ថ្មីមួយក្នុង ពាននេះ ប៉ុន្តែលេង សហការគ្នា បានល្អ ហើយគ្មាន កីឡាករបរទេស ជួយនោះទេ។ លោក សាមិត្ត វឌ្ឍនៈឧត្តម តំណាងអ្នក រៀបចំការ ប្រកួតខាងលើ បានបញ្ជាក់ ដែរថានេះ ជារដូវកាល ជោគជ័យថ្មី មួយទៀត សម្រាប់ពាន KMH CUP ។

ដូចដែល អ្នកគាំទ្រទាំងអស់ បានដឹង ពាននេះបង្កើត ឡើងដើម្បី សប្បុរសធម៌ ហើយក្រុមកីឡាករ ទាំងអស់ក៏លេង ដោយមានទំនុកចិត្ត និងសាមគ្គីគ្នាដែរ។ លោក សង្ឃឹមថា រដូវកាលទី៥ នឹងកាន់តែធំជាង រដូវកាលនេះទៀត ដើម្បីអភិវឌ្ឍ វិស័យបាល់ទាត់ នៅកម្ពុជា។ ពាន KMH CUP រដូវកាលទី៤ ចាប់ផ្ដើមឡើង តាំងពីខែតុលា ឆ្នាំ២០១៦ ដោយមាន២០ ក្រុមចូលរួម។

ចំពោះប្រាក់រង្វាន់វិញ លេខ១ Posenchey FC បាន៥ ០០០ដុល្លារ លេខ២ Pisnoka FC បាន ១ ៥០០ដុល្លារ លេខ៣ Anachak Baitong FC បាន ១ ០០០ដុល្លារ លេខ៤ Mekong Baguette United បាន៥០០ដុល្លារ និងមាន ប្រាក់លើកទឹកចិត្តសម្រាប់ អ្នកចាំទីល្អ ក្រុមលេងល្អ អ្នកស៊ុតបញ្ចូលទី បានច្រើនជាងគេ ផងដែរ៕

ដកស្រង់ពី៖ Sabay