បណ្តាញសង្គម

ឡុង​ សំណាង​ ១ខែរកបាន៣០០ទៅ៤០០ដុល្លារ ត្រូវផ្ញើឱ្យម្ដាយចាយវាយ

អ្នកប្រដាល់ រលកក្រោយ និងកំពុងសាង កេរ្តិ៍ឈ្មោះ ឡុង សំណាង ថាបន្ទាប់ពី ប្រកួតចប់ គេតែងតែ ផ្ញើថវិកា ដែលបានមក ពីប្រដាល់ ជូនម្ដាយ ដើម្បីប្រើប្រាស់ ដោះស្រាយជីវភាព គ្រួសារ។

កីឡាករ ឡុង សំណាង បានឲ្យដឹងថា សម្រាប់អាជីព ជាអ្នកប្រដាល់នេះ គេរកប្រាក់ ចំណូលបានខ្ទង់ ៣០០-៤០០ ដុល្លារក្នុង១ខែ ប៉ុន្តែចំណូលនេះ មិនថេរនោះទេ ខែណាបាន ឡើងប្រកួត ច្រើនក៏បាន ប្រាក់ចំណូល ច្រើនតាមនឹង ផងដែរ។

សិស្សប្អូន ឡុង សុភី រូបនេះបន្តថា ប្រាក់ចំណូល ដែលបានមក ពីការឡើងសង្វៀន ជាទូទៅ គេផ្ញើជូនម្ដាយ ឪពុក ពាក់កណ្ដាល នៃតម្លៃខ្លួន (ប្រហែល១០០-២០០$)របស់គេ ហើយរៀងរាល់ ចប់ពីប្រកួត គេផ្ញើតាមវីង ទៅឲ្យហើយ។

បើទោះជាថវិកា ដែលផ្ញើទៅ មិនច្រើនក្ដី តែវាអាច ជួយសម្រាល បន្ទុកក្រុមគ្រួសារ ផងដែរ។ សម្រាប់ប្រាក់ ដែលនៅសល់ គឺអ្នកប្រដាល់ ខាងលើទុក សម្រាប់ចំណាយ លើការប្រើប្រាស់ ប្រចាំថ្ងៃ របស់ខ្លួន នៅឯភ្នំពេញ ឬចំណាយ លើការហ្វឹកហាត់ ត្រៀមការ ប្រកួតជា បន្តទៀត។

សំណាង បន្ថែមឲ្យដឹង ទៀតថា បច្ចុប្បន្ននេះ គេមិនសូវទាន់ ល្បីដូចសិស្សច្បង និងប្រាក់តម្លៃ ខ្លួននៅមិនទាន់ ដល់អ្នកប្រដាល់ មុនៗទេ តែកូនសិស្ស ក្លឹបសាលវ័ន្ត រូបនេះនឹង ខំប្រឹងបន្ត ទៀតដើម្បីបានល្បីឈ្មោះដូច ឡុង សុភី ឡុង សុវណ្ណឌឿន និងបាន ប្រាក់តម្លៃខ្លួន ខ្ពស់ផងដែរ៕

ដកស្រង់ពី៖ Sabay