បណ្តាញសង្គម

សង្វៀន​ថ្មី​មួយ​ទៀត​របស់​ CNC​ ដាក់​គូ​អន្តរជាតិ​រាល់​សប្ដាហ៍

សង្វៀន ប្រដាល់ថ្មី មួយទៀត របស់ទូរទស្សន៍ CNC បានប្រកាស បើកកាលពី ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះហើយ សម្រាប់ការ ប្រកួត រៀងរាល់សប្ដាហ៍ នឹងមានគូ មិត្តភាព អន្តរជាតិជាប្រចាំ។

លោក ហួរ រតនៈ តំណាងឲ្យ អគ្គនាយក ស្ថានីយទូរទស្សន៍ CNC លើកឡើងថា សម្រាប់កម្មវិធីប្រដាល់ "កំពូលអ្នក ប្រយុទ្ធកណ្ដាប់ ដៃដែក ISI PALM” ជាកម្មវិធី ថ្មីមួយទៀត របស់ CNC ហើយកម្មវិធី នេះបង្កើត ឡើងដើម្បី ជួយលើកស្ទួយ វិស័យប្រដាល់ គុនខ្មែរ ឲ្យមានការ រីកចម្រើនបន្ថែមទៀត។

តាមរយៈកម្មវិធីប្រដាល់នេះដែរ ក៏អាចជួយបង្កើនប្រាក់ចំណូលដល់កីឡាករបានមួយកម្រិតទៀត និងពិសេសទៀតនោះ អាចជួយយុវជនឲ្យងាកមកលេងកីឡាដើម្បីសុខភាព និងអាចជៀសផុតពីអំពើអបាយមុខ ដូចជាសេពគ្រឿនញៀនជាដើម។

ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានឲ្យដឹងក្នុងឱកាសនោះដែរថា ចំពោះសង្វៀនថ្មីរបស់ CNCនេះ ជាការប្រកួតដ៏សំខាន់មួយដែលមានគូអន្តរជាតិរាល់សប្ដាហ៍ ហើយជាសង្វៀនដែលទស្សនិកជនគ្រប់រូបចង់ទស្សនា។

ដូចនេះលោកក៏ស្នើដល់អនុគណៈកម្មាធិការផ្គូផ្គងឲ្យធ្វើការដោយប្រុងប្រយ័ត្នរាល់ពេលផ្គូផ្គងកីឡាករ ដូចជាទម្ងន់ កម្ពស់ និងសមត្ថភាពប្រកួត ឲ្យបានប្រហាក់ប្រហែលគ្នាទើបប្រកួតទៅល្អមើល។ ចំពោះខាងផ្នែកគណៈកម្មាធិការពិនិត្យសុខភាពក៏ដូចគ្នាដែរ គឺត្រូវពិនិត្យសុខភាពកីឡាករ ទាំងកម្ពុជា និងកីឡាករអន្តរជាតិ ឲ្យបានល្អថាពិតជាមានសុខភាពល្អអាចឡើងប្រកួតបាន។

ពេលចប់ពីប្រកួត ពិតជាមានសុខភាពល្អ រីឯគណៈកម្មាធិការចៅក្រមឲ្យពិន្ទុនិងការកាត់សេចក្ដី ក៏ត្រូវយុត្តិធម៌មិនលំអៀងទៅខាងណា ឬប្រកាន់បក្សពួកនោះទេ ទើបកម្មវិធីនេះដំណើរការយ៉ាងរលូននិងល្អទៅបាន។

នេះជាកម្មវិធីប្រដាល់នេះធ្វើឡើងរាល់ថ្ងៃអាទិត្យ ចាប់ពិម៉ោង ១១ព្រឹក ហើយនេះជាសង្វៀនទី៣ហើយសម្រាប់សង្វៀនទូរទស្សន៍ CNC ខណៈពីរសង្វៀនទៀតនោះគឺរសៀលថ្ងៃសៅរ៍ និង រសៀលថ្ងៃអាទិត្យ។ គូអន្តរជាតិបើកឆាកនាព្រឹកមិញនេះមានកីឡាករ ពៅ សក្តិសិទ ចាញ់ពិន្ទុកីឡាករថៃ និង អ៊ុំ ចំរើន ត្រូវអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី៣ ដោយមិនអាចប្រកួតតទៀតបាន៕

ដកស្រង់ពី៖ Sabay