បណ្តាញសង្គម

ពៅ​ សក្តិសិទ្ធិ៖​ សម្រាក​ព្យាបាល​ច្រមុះ​២ខែ​ទើប​អាច​ឡើង​សង្វៀន​វិញ​បាន

អ្នកប្រដាល់ ជើងចាស់ ពៅ សក្តិសិទ្ធិ ថាបើតាម ពេទ្យប្រាប់គឺ ត្រូវសម្រាក រយៈពេល២ខែ ទើបអាច  ហ្វឹកហាត់ឬ ឡើងប្រកួត វិញបាន។

កីឡាករ ពៅ សក្តិសិទ្ធិ បានឲ្យដឹងថា ចំពោះរបួស ប្រេះឆ្អឹង ក្ដោងច្រមុះ របស់លោក ដែលកើតឡើង ពេលប្រកួត ជាមួយ កីឡាករថៃ កាលពីព្រឹក ថ្ងៃអាទិត្យ កន្លងទៅនេះ យ៉ាងហោចណាស់ ក៏ត្រូវសម្រាក ២ខែដែរ ទើបអាច វិលត្រលប់ ចូលសង្វៀន វិញបាន។

ចំពោះ ស្ថានភាព របួសនេះ បានធូរស្រាល បន្តិចហើយ បន្ទាប់ពី គ្រូពេទ្យបាន គាស់ច្រមុះ ឡើងវិញនិង បានផឹកថ្នាំ រាល់ថ្ងៃ ប៉ុន្តែត្រូវតម លើករបស់ ធ្ងន់ៗ ញាំគ្រឿងសមុទ្រ តមទឹកកកជាដើម ទើបរបួស ឆាប់ជា។

កូនសិស្ស លោកគ្រូ មាស សុខគ្រី បន្តទៀតថា ចំពោះរបួស នេះដែរ ក៏ធ្វើទុក្ខ ដូចជាឈឺក្បាល និងពិបាក ធ្វើអ្វីៗ ហើយពេលនេះ ត្រូវដកដង្ហើម តាមមាត់ ទៀតផង។ បើគិតតាំង ពីថ្ងៃរបួស មកដល់ពេលនេះ គេព្យាបាល អស់ប្រាក់ប្រហែល ២០០$ មកហើយ ដោយឡែក ខាងសង្វៀន CNC ក៏បានចេញ ថ្លៃព្យាបាល មួយចំនួនដែរ និងថ្មីៗ នេះក៏បាន ការជួយឧបត្ថម្ភ ជាថវិកា មួយចំនួន ពីសំណាក់ក្រុមហ៊ុន ISI PALM ដល់រូបគេ ផងដែរ។

កីឡាករ ពៅ សក្តិសិទ្ធិ ជាកូនសិស្ស លោកគ្រូ មាស សុខគ្រី មកពីក្លឹប ប្រដាល់ តាព្រហ្មមានជ័យ។ អ្នកប្រដាល់ រូបនេះ រងរបួស ប្រេះក្ដោងច្រមុះ កាលពីប្រកួត មិត្តភាពអន្តរជាតិ កាលពីថ្ងៃ អាទិត្យ ទី១៦ កក្កដា កន្លងទៅ នេះជាមួយ កីឡាករថៃ Farmonkong នៅសង្វៀន CNC៕

ដកស្រង់ពី៖ Sabay