បណ្តាញសង្គម

ស្រី​ស្អាត ​កាអង់ដ្រេ​អា ​ដាក់​១​ឃ្លា​មាន​ន័យ​ជ្រៅ ​ក្រោយ​កក់​មេដាយ​សំរឹទ្ធ

កីឡាការិនីវាយកូនបាល់កម្ពុជា កាអង់ដ្រេអា ដារ៉ាវី (Ka Andrea Daravy) បានកក់មេដាយសំរឹទ្ធមួយរួចហើយ ក្រោយពីបានយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ីក្នុងលទ្ធផល ២-០ (៦-០ និង ៦-៣ )។

 ក្រោយធ្វើបានយ៉ាងល្អនេះដែរ ស្រីស្អាត កាអង់ដ្រេអា បាននិយាយថាខ្លួនមានការនឿយហត់បន្តិចដែរ នៅពេលប្រកួតរាល់ថ្ងៃជាប់គ្នាយ៉ាងនេះនៅព្រឹត្តិការណ៍ស៊ីហ្គេម។ តែទោះជាយ៉ាងនេះក្ដីកម្លាំងចិត្តអ្នកគាំទ្រជាថ្នាំទិព្វអាចផ្ដល់ថាមពលឱ្យនាងបានពេញលេញវាយយកជ័យជម្នះបន្ដទៀតបាន។

“រឿងហត់? វាពិតជាហត់ ប៉ុន្តែដើម្បីជាតិ ខ្ញុំនៅតែមានកម្លាំងចិត្តប្រកួតបន្ដ។ នេះជាអ្វីដែលយើងខំប្រឹង ដើម្បីបានមេដាយ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រគ្រប់គ្នាដែលបានជួយលើកទឹកចិត្ត”។

កីឡាករកូនខ្មែរទៅរស់នៅបារាំងខាងលើនេះ មុនមកប្រកួតឱ្យកម្ពុជា រូបនាងបានទៅហ្វឹកហាត់នៅអាមេរិកបានជាច្រើនខែ ទើបមកកម្ពុជា ហាត់ជាមួយគ្រូបន្ថែមទៀត។

មុនចូលរួមប្រកួតនេះ នាងបានប្រាប់ Sabay ថាលើកនេះនឹងប្រឹងប្រែងដើម្បីយកមេដាយជូនកម្ពុជាឱ្យបាន មិនឱ្យខកបំណងដូចឆ្នាំមុនៗនោះទេ៕


ដកស្រង់ពីSABAY NEWS