បណ្តាញសង្គម

Aubameyang ត្រូវ​ក្លឹប​ Dortmund ពិន័យ​ដោយ​សារ​មិន​គោរព​វិន័យ​

Pierre-Emerick Aubameyang ត្រូវក្លឹប Borussia Dortmund ពិន័យក្រោមមូលហេតុមិនគោរពវិន័យដែលធ្វើឲ្យរូបគេខកខានការប្រកួតនៅ Bundesliga ទល់នឹង VfB Stuttgart។

ក្លឹបរហស្សនាមថា Die Borussen ប្រាប់ឲ្យដឹងពីការពិន័យនៅពេលតបនឹងសំណួររបស់អ្នកគាំទ្រដែលសួរនៅលើ Twitter ថាហេតុអ្វីមិនឃើញ Aubameyang ធ្វើដំណើរទៅទឹកដី Stuttgart ជាមួយក្រុម។ យ៉ាងណាក៏ដោយ Dortmund មិនបានបញ្ជាក់ថាតើកំហុសមិនគោរពវិន័យនោះជាអ្វីទេ។

Aubameyang ជារឿយៗតែងត្រូវ Dortmund ពិន័យ តួយ៉ាងកាលពីឆ្នាំមុនរូបគេត្រូវពិន័យដោយសារលួចទៅដើរលេងនៅប្រទេសអ៊ីតាលី។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំស៊ុតបញ្ចូលទី១៥គ្រាប់ក្នុងការលេង ១២ប្រកួតរដូវកាលនេះ ហើយកាលពីដើមរដូវកាលរូបគេជាគោលដៅដែល Chelsea, Manchester City និង Paris St-Germain ចិញ្ចឹមចិត្តចង់បាន។

Dortmund លេងចាញ់៣ប្រកួត នៅ៤ប្រកួតចុងក្រោយធ្វើឲ្យក្លឹបធ្លាក់ទៅលេខ៣ក្នុងតារាង Bundesliga ចាញ់ លេខ១ Bayern Munich រហូត៦ពិន្ទុ។ ក្រុមដែលដឹកនាំដោយលោក Peter Bosz ត្រូវបើកទ្វារផ្ទះស្វាគមន៍ Tottenham Hotspur នៅ Champions League សប្ដាហ៍ក្រោយ៕

ដកស្រង់ពី៖ Sabay