បណ្តាញសង្គម

Pulis ម្នាក់​ទៀត​ត្រូវ​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ពី​ក្លឹប​នៅ Premier League

Tony Pulis ត្រូវបណ្ដេញចេញពីតំណែងអ្នកចាត់ការទូទៅ West Brom កាលពីថ្ងៃម្សិលមិញក្រោយដឹកនាំក្រុមមិនបានល្អនៅ១២ប្រកួតដំបូង។អ្នកចាត់ការសញ្ជាតិវែលជួយ West Brom ឈរលេខ១៧មានគម្លាត១ពិន្ទុប៉ុណ្ណោះលើក្រុមស្ថិតនៅតំបន់គេកាត់ចោល ហើយឈ្នះតែ២ដងក្នុងការប្រកួតកន្លងមក។

ក្រុមរហស្សនាមថា The Baggies ប្រកួតលើកចុងក្រោយចាញ់ Chelsea ៤-០ នៅផ្ទះខ្លួនឯងជាបរាជ័យលើកទី៦រដូវកាលនេះ។ អំឡុងពេលកៅអីទំនេរលោក Gary Megson ជាជំនួយការអ្នកចាត់ការទូទៅនឹងត្រូវដឹកនាំក្រុមជាបណ្ដោះអាសន្នរហូតដល់ក្លឹបរកបានអ្នកថ្មី។

Pulis គឺជាអ្នកចាត់ការទី៥ដែលត្រូវបណ្ដេញចេញនៅក្របខ័ណ្ឌកំពូលអង់គ្លេសបន្ទាប់ពីលោក Frank de Boer (Crystal Palace), Craig Shakespeare (Leicester), Ronald Koeman (Everton) និង Slaven Bilic (West Ham)។ កាលពីសប្ដាហ៍មុន Tony Pulis មានឈ្មោះស្ថិតក្នុងបេក្ខភាពដែលអាចទៅដឹកនាំក្រុមជម្រើសជាតិវែល។

បុរសវ័យ៥៩ឆ្នាំ ជោកជាំដឹកនាំក្លឹបនៅអង់គ្លេសតាំងពីឆ្នាំ១៩៩២មក ក្នុងនោះមានដូចជា Bournemouth, Gillingham, Bristol City, Portsmouth, Stoke City, Plymouth Argyle, Stoke City និង Crystal Palace៕


ដកស្រង់ពី៖ Sabay