បណ្តាញសង្គម

មិន​មែន​តែ Chonburi ​នៅ​មាន​ក្លឹប​មក​ពី​សិង្ហបុរី​១​ទៀត ក៏​​ចង់​បាន​ ច្រឹង ពលរដ្ឋ ​ដែរ

កាលពីម្សិលមិញនេះ មានដំណឹងពីប្រទេសថៃមកថា ក្លឹប Chonburi ទាក់ទងចង់បាន ច្រឹង ពលរដ្ឋ របស់កម្ពុជានៅលេងនៅលីគថៃ។ ដោយឡែកលោក ខូវ ឆាយ អ្នកចាត់ការក្លឹបក្រសួងការពារជាតិក៏បង្ហើបថាវាជារឿងពិត ប៉ុន្តែមិនមែនមានតែក្លឹបនៅថៃទេ សូម្បីតែនៅសិង្ហបុរីក៏មានទាក់ទងមកដែរ។

“ការពិតគេសួរមែន តាំងពីចប់ស៊ីហ្គេមមកម្ល៉េះ ប៉ុន្តែគ្រានោះគ្រាន់តែសួរនាំសិនប៉ុណ្ណោះ។ យើងបានឃើញដំណឹងពីខាងថៃមកវិញកាលពីម្សិលមិញ ដូច្នេះសង្ឃឹមថាចប់រដូវកាលនេះនឹងមានដំណឹងល្អសម្រាប់ ពលរដ្ឋ។ មួយទៀត កាលពីមុនក៏មានក្លឹបនៅខាងសិង្ហបុរីគេសួរនាំដែរ ប៉ុន្តែវាមិនទាន់មានការផ្ទេរណាមួយកើតឡើង”។

សម្ដីរបស់លោក ខូវ ឆាយ។អ្នកចាត់ការក្រុមទ័ពខាងលើបញ្ជាក់បន្ថែមថាក្រុមរបស់លោកគ្មានបំណងចង់ទុកកីឡាករណាម្នាក់មិនឱ្យចេញទៅក្រៅនោះទេ។ផ្ទុយទៅវិញ មានតែជំរុញថែម ដើម្បីឱ្យពួកគេបានរៀនសូត្រអ្វីដែលថ្មីនៅទីនោះ និងមកជួយបាល់ទាត់កម្ពុជាវិញនៅថ្ងៃអនាគត។

ពលរដ្ឋ ជាយុវជនឆ្នើមម្នាក់របស់កម្ពុជា ហើយតែងតែបំពេញតួនាទីជាខ្សែបម្រើបានល្អក្នុងការប្រកួតនៅលីគកម្ពុជានាពេលកន្លងមក។ កីឡាករពូកែលេងសើចម្នាក់នេះ ត្រូវបានគ្រូបង្វឹកនានាមើលឃើញថាអាចនឹងមានអនាគតល្អនាពេលអនាគត ប្រសិនបើរូបគេព្យាយាមហ្វឹកហាត់បន្ថែមទៀត៕

ដកស្រង់ពី៖ Sabay