បណ្តាញសង្គម

Robben អាច​នឹង​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល​នេះ

Arjen Robben ក្នុងថ្ងៃនេះ បាននិយាយថា ខ្លួនអាចនឹងចូលនិវត្តន៍នៅចុងរដូវកាល។ ការថ្លែងបែបនេះធ្វើឡើងជាងមួយខែប៉ុណ្ណោះ បន្ទាប់ពី ខ្សែស្លាបរូបនេះបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ។

ខ្សែបម្រើស្លាប Robben បាននិយាយប្រាប់ Kicker ថា៖ "អ្វីក៏អាចកើតឡើងបានដែរនាពេលខាងមុខ។ ខ្ញុំអាចនឹងចូលនិវត្តន៍នាចុងរដូវកាលនេះ ឬក៏ទៅលេងឲ្យក្លឹបថ្មីណាមួយទៀត ឬក៏អាចបន្តលេងឲ្យ Bayern រយៈពេលបីឆ្នាំទៅមុខ"។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានបន្តទៀតថា៖ "ខ្ញុំគ្រាន់តែចង់ផ្ដោតអារម្មណ៍ទៅលើការប្រកួតបន្ទាប់ប៉ុណ្ណោះ ក្រៅពីហ្នឹងខ្ញុំមិនទាន់គិតទេ។ ខ្ញុំកំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនឯងមានភាពសប្បាយរីករាយឲ្យបានច្រើន និងលេងបាល់ក្នុងកម្រិតមួយដ៏ខ្ពស់ តាមដែលខ្ញុំអាចធ្វើទៅបាន"។

រដូវកាលនេះ ជារដូវកាលទី ៩ហើយ ដែល Robben បានលេងឲ្យក្លឹប Bayern Munich ដោយក្នុងនោះខ្សែបម្រើស្លាបសញ្ជាតិហុល្លង់រូបនេះ បានឈ្នះពានលីគកំពូលអាល្លឺម៉ង់ចំនួន ៦ដង, DFB-Pokal ៤ដង និង Champions League ម្ដង។ សូមបញ្ជាក់ផងដែរ Robben បានឈានចូលក្នុងឆ្នាំចុងក្រោយហើយនៃកុងត្រាខ្លួនជាមួយក្លឹបយក្សអាល្លឺម៉ង់មួយនេះ៕

ដកស្រង់ពី៖ Sabay