បណ្តាញសង្គម

Ronaldo ចង់​ឃើញ BBC លេង​ជុំ​គ្នា​ម្ដង​ទៀត

ម្ចាស់ពាន Ballon d'Or ៥សម័យ Cristiano Ronaldo សង្ឃឹមថា នឹងអាចកៀកស្មាម្ដងទៀតជាមួយមិត្តប្រយុទ្ធទាំងពីរ Karima Benzema និង Gareth Bale ពេលល្អណាមួយ។

កីឡាករព័រទុយហ្គាល់ ដែលត្រៀមបង្ហាញខ្លួនជួយ Madrid នៅ FIFA Club World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររាត្រីនេះ បាននិយាយពីគោលបំណងចង់ចាប់ដៃជាមួយ Benzema និង Bale ម្ដងទៀតលើវាលស្មៅ ក៏ដូចជាពន្យល់ពីសារសំខាន់នៅព្រឹត្តិការណ៍មួយនេះ។ “FIFA Club World Cup ពិតជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ពួកយើង។

ពិតជាមានអារម្មណ៍រីករាយដែលបានលេង ព្រោះចង់មកចូលរួមនៅទីនេះ គឺត្រូវលើកពាន Champions League សិន។ អ្វីដែលខ្ញុំចង់បានគឺ ឈ្នះវា និងអាចរកគ្រាប់បាល់ជួយក្រុមដើម្បីលើកពានមួយនេះ"។ Ronaldo ប្រាប់ beIN Sports។

និយាយពាក់ព័ន្ធនឹងមិត្តរួមក្រុម Benzema និង Bale តារាជើងស៊ុតបន្តថា គេចង់ឃើញក្រុមពេញជើងឡើងវិញ មានតែ Benzema និង Bale មិនគ្រប់គ្រាន់ទេ។ គេចង់ឃើញកីឡាករទាំងអស់គ្មានរបួសនិងអាចលេងជាមួយគ្នាម្ដងទៀត។ វាពិតជាប្រសើរប្រសិន BBC បានលេងជាមួយគ្នាម្ដងទៀត។

Real Madrid មានភារកិច្ចធំមួយគឺតំណាងឲ្យទ្វីបអឺរ៉ុបលេងពាន FIFA Club World Cup នៅរាត្រីនេះម៉ោង១២លើទឹកដីប្រទេសអារ៉ាប់រួម ប៉ះជាមួយក្រុមម្ចាស់ផ្ទះ Al jazira ។ ប្រសិននរណាឈ្នះ នឹងត្រូវជួបក្រុម Grêmio នៅវគ្គផ្ដាច់ព្រ័ត្រដែលទើបយកឈ្នះក្រុម Pachuca ១-០៕

ដកស្រង់ពី៖ Sabay