Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញា​កណ្ដាល​ ចៅក្រម​វាយ​កូន​ឃ្លី​លើ​តុ​ ៨រូប ​ប្រឡង​ជាប់​កម្រិត​មូលដ្ឋាន​ និង​ទទួល​ស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​

  • បោះពុម្ព

ក្នុងចំណោមសិក្ខាកាម ២៥រូប ដែលបាន ចូលរួម វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់មូលដ្ឋាន ៣ថ្ងៃកន្លងទៅនេះ មាន៨នាក់ ដែលប្រឡងជាប់ និងទទួលស្គាល់ ដោយសហព័ន្ធ វាយកូនឃ្លីលើតុអន្តរជាតិ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការស្ដីទីសហព័ន្ធវាយកូនឃ្លីលើតុបានឲ្យដឹងថា ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល៣ថ្ងៃកន្លងទៅនេះ មើលឃើញថា សិក្ខាកាម មានការផុលផុស និងទទួលបានចំណេះដឹងថ្មីៗច្រើន ដូចជាបទបញ្ជាផ្សេងៗដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។

ក្រៅពីនោះសិក្ខាកាមបានសិក្សាបន្ថែមនូវកិច្ចការមួយចំនួនដែលពួកគេត្រូវយកទៅអនុវត្ត នៅពេលធ្វើជាអាជ្ញាកណ្ដាល និងចៅក្រមនានានៅពេលរៀបចំការប្រកួតខាងមុខ។ លោកអគ្គលេខាធិការស្តីទីខាងលើបន្ថែមទៀតថា នេះជាជំហានមួយសម្រាប់អាជ្ញាកណ្ដាល ចៅក្រមទាំងអស់បានពង្រឹងចំណេះដឹងថែមទៀត ហើយនៅខែមីនាខាងមុខនេះ សហព័ន្ធគ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលជាថ្មីទៀត។

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលលើកទី២រួច សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា នឹងស្នើសុំទៅសហព័ន្ធវាយកូនឃ្លីអន្តរជាតិ ដើម្បីធ្វើការប្រឡងនៅកម្ពុជា។ ប្រសិនពួកគេប្រឡងជាប់នោះ នឹងក្លាយជាចៅក្រម អាជ្ញាកណ្ដាលអន្តរជាតិតែម្ដង ហើយអាចចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដូចជា ស៊ីហ្គេម ជាដើមផងដែរ។

វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិតមូលដ្ឋាននេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែមករា ឆ្នាំ២០១៨ នៅ NOCC ដែលមានសិក្ខាកាម ២៥នាក់ សុទ្ធជាចៅក្រម អាជ្ញាកណ្ដាលថ្នាក់ជាតិ និងអតីតកីឡាករផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះក៏បានគ្រូឧបទេសកម្រិតអន្តរជាតិមកពីប្រទេសហ្វីលីពីនទៀតផង៕

ដកស្រង់ពី៖ Sabay