បណ្តាញសង្គម

​​បាន​៥​លាន​ដុល្លារ​ពី FIFA ​កម្ពុជា​ដាក់​គម្រោង​ឡើង​ផ្ដាច់ព្រ័ត្រ​ការ​ប្រកួត​ធំ​មួយ

សហព័ន្ធ បាល់ទាត់ អន្តរជាតិ FIFA នឹងផ្ដល់ប្រាក់ ១,២៥លានដុល្លារ ឱ្យសហព័ន្ធ បាល់ទាត់កម្ពុជា រយៈពេល៤ឆ្នាំ ដើម្បីអភិវឌ្ឍ ថ្នាលយុវជន ទូទាំងប្រទេស ត្រៀមការប្រកួតធំ ស៊ីហ្គេមឆ្នាំ២០២៣។

លោក Gianni Infantino ប្រធាន FIFA បានបញ្ជាក់ ចំពោះការផ្ដល់ ប្រាក់ខាងលើនេះ ក្រោយពី មើលឃើញ ការអភិវឌ្ឍ វិស័យបាល់ទាត់ នៅកម្ពុជា កំពុងឈាន ទៅមុខលឿន។ មួយវិញទៀត ការដាក់គោលដៅ ច្បាស់លាស់ ក៏ជាចំណុចមួយ ដែលធ្វើឱ្យ សហព័ន្ធ បាល់ទាត់អន្តរជាតិ ហ៊ានចំណាយ ប្រាក់ច្រើនសម្រាប់ កម្ពុជានេះផងដែរ។

លោកខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហើបដែរថា ក្រោយពីទទួលបានប្រាក់ពី FIFA នេះ កម្ពុជាបានដាក់គម្រោងរួចជាស្រេចនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយធ្វើយ៉ាងណា ត្រូវតែឡើងឱ្យដល់វគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់មួយនេះ។ តែទោះជាយ៉ាងនេះក្ដី អនុប្រធានខាងលើក៏លើកឡើងដែរថាគម្រោងអភិវឌ្ឍបាល់ទាត់ទូទាំងប្រទេសគឺត្រូវការប្រាក់ច្រើន ព្រោះសហព័ន្ធត្រូវធ្វើទីលានថ្មីគ្រប់ខេត្ត និងបណ្ដុះគ្រូបង្វឹកថែមទៀត។

កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៨កន្លងទៅ FIFA បានរៀបចំកិច្ចប្រជុំកំពូល FIFA Executive Football Summit 2018 យ៉ាងរលូនក្នុងប្រទេសកម្ពុជា ក្រោមការចូលរួមពីលោក Gianni Infantino ប្រធាន FIFA និងមន្ត្រីសហព័ន្ធបាល់ទាត់នៃបណ្ដាប្រទេសជាង ២០ផ្សេងទៀត៕

ដកស្រង់ពី៖ Sabay