អ្នកចាំទីលំដាប់ពិភពលោក៣រូបរួមមាន David de Gea, Pepe Reina និង Marc-Andre ter Stegen បានចេញមករិះគន់ បាល់សម្រាប់យកទៅ ប្រកួតព្រឹត្តិការណ៍ World Cup ២០១៨ ថា មានលក្ខណសម្បត្តិខុសមួយចំនួន។
World Cup ឆ្នាំនេះ Adidas បានបញ្ចេញបាល់ប្រភេទ Telstar។ វាបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំពិភពលោកនេះដំបូងក្នុងឆ្នាំ១៩៧០។ យ៉ាងណាក្ដី Telstar ស៊េរីថ្មីដែលត្រូវប្រើក្នុងប្រទេសរុស្សីត្រូវបានអ្នកចាំទី De Gea របស់ក្លឹប Manchester United បានរិះគន់ថា គួរតែច្នៃឲ្យវាល្អជាងនេះ។
ប្រាប់កាសែតអេស្ប៉ាញ AS អ្នកចាំទីដៃទី១របស់អេស្ប៉ាញលើកឡើងថា៖ “វាពិតជាប្លែក។ វាគួរតែផលិតច្នៃឲ្យប្រសើរជាងនេះ”។ ចំណែកមិត្តរួមជាតិ Pepe Reina ក៏បានបញ្ចេញមតិដែរថា បាល់នេះគ្របដោយប្លាស្ទិកជុំវិញ ធ្វើឲ្យពិបាកចាប់។ អ្នកចាំទីនឹងមានបញ្ហាច្រើនជាមួយបាល់មួយនេះ។
ងាកទៅអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ Marc-Andre ter Stegen បានថ្លែងថា បាល់នេះវិលពេក ដូច្នេះត្រូវធ្វើការជាមួយវាឲ្យច្រើន ដើម្បីស្ទាត់ដៃ មុន World Cup មកដល់។កាលពីសប្ដាហ៍មុនបាល់ប្រភេទ Telstar ស៊េរីថ្មីនេះ ត្រូវបានយកទៅប្រើក្នុងការប្រកួតមិត្តភាព ដើម្បីឲ្យកីឡាករទាំងអស់ស្គាល់ពីបាល់នេះឲ្យច្បាស់ មុនព្រឹត្តិការណ៍ World Cup ឈានចូលមកដល់នៅខែ មិថុនាខាងមុខ៕
ដកស្រង់ពី៖ Sabay