លោក Julen Lopetegui លើកឡើងថា ការចាញ់ Atletico Madrid នៅពាន UEFA Super Cup ក្លឹប Real Madrid នៅតែមិនចុះកុងត្រានាំកីឡាករថ្មីចូល។
ដឹកនាំក្នុងប្រកួតផ្លូវការជាលើកដំបូងឲ្យ Real អតីតគ្រូជម្រើសជាតិអេស្ប៉ាញបានជួបបរាជ័យដោយសារ Atletico ក្នុងលទ្ធផល ៤-២កាលពីយប់មិញ។ ក្លឹបម្ចាស់ជើងឯក Champions League ឆ្នាំចាស់បានបាត់បង់ Cristiano Ronaldo ដែលផ្ទេរទៅកាន់ Juventus ហើយ Luka Modric ពេលនេះកំពុងមានការចែចូវពី Inter Milan។
ធ្លាប់ជាក្លឹបដែលហ៊ានចំណាយលុយធំក្នុងការនាំកីឡាករល្អចូល Real Madrid ឆ្នាំនេះហាក់ស្ងប់ស្ងាត់ក្នុងទីផ្សារដោះដូរកីឡាករ ត្បិតធ្លាប់ទាក់ទងតារាមួយចំនួនដូចជា Eden Hazard, Mauro Icardi និង Robert Lewandowski។
អវត្តមានរបស់ Ronaldo ធ្វើឲ្យ Madrid បាត់អ្នកពូកែរកគ្រាប់បាល់ តែសម្រាប់លោក Julen Lopetegui នៅតែប្រកាន់ជំហរគោលនយោបាយរបស់ក្លឹបគឺមិននាំកីឡាករថ្មីមកជំនួសឡើយ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញនិយាយថា៖ "អ្វីដែលគោលនយោបាយរបស់ក្លឹបបានកំណត់គឺមិនផ្លាស់ប្ដូរ។ ពេលនេះ La Liga ចាប់ផ្ដើម ហើយវាជាពានសំខាន់សម្រាប់ខ្ញុំ។
ពួកយើងលេងល្អហើយនៅម៉ោងបន្ថែម។ ពួកយើងគ្របដណ្ដប់ ការរួមបញ្ចូលគ្នា លេងជាមួយគ្នា ជាមួយនឹងអារម្មណ៍ល្អ។ តែពេលលទ្ធផល ៣-២ ការប្រកួតបានប្រែប្រួល។ ពួកយើងត្រូវរកវិធីដោះស្រាយបញ្ហា"៕
ដកស្រង់ពី៖ Sabay