បណ្តាញសង្គម

Iniesta ប្រាប់​ឈ្មោះ​កីឡាករ Premier League ម្នាក់​ដែល​គេ​ចង់​លេង​ជាមួយ​បំផុត

Andres Iniesta អតីតកីឡាករ Barcelona ប្រាប់ឲ្យដឹងថា ខ្សែបម្រើរបស់ Chelsea និងជម្រើសជាតិបារាំង N'golo Kante ជាកីឡាករមួយរូបដែលគេចង់លេងជាមួយ។

បន្ទាប់ពីចំណាយពេល១៦ឆ្នាំជាមួយក្លឹបយក្ស Barca ជើងចាស់កំពូលល្បិច Iniesta កំពុងបន្តប្រកបអាជីពជាមួយក្លឹបលីគកំពូលជប៉ុន Vissel Kobe។ នៅ Barca កីឡាករវ័យ៣៤ឆ្នាំបានបន្សល់ស្នាដៃជាច្រើនដូចជា ជួយក្លឹបឈ្នះ La Liga ៩ដង Copa del Rey ៦ដង Champions League ៤ដង និងពានផ្សេងៗទៀត។

ត្បិតតែធ្លាប់ចាប់ដៃគូជាមួយ Xavi, Lionel Messi, Ronaldinho, Neymar, Carles Puyol ធ្វើឲ្យកក្រើកបាល់ទាត់ Iniesta ទម្លាយថាពិតជាចង់លេងជាមួយ Kante ណាស់។ “Kante ជាកីឡាករម្នាក់ដែលគួរតែលេងនៅក្រុមជាមួយខ្ញុំពេលកន្លងទៅ។ គេមិនមកជប៉ុនទេ ប៉ុន្តែប្រាកដណាសគេជាកីឡាករម្នាក់ខ្ញុំចូលចិត្ត ព្រោះតែការលេងរបស់គេលើទីលាននិងទំនុកចិត្តដែលគេមានក្នុងការប្រកួត"។

N'golo Kante ជាកីឡាករមានចរិតស្លូតបូតស្ងប់ស្ងាត់ ប៉ុន្តែត្រឹមរយៈពេលដ៏ខ្លួនប៉ុន្មានឆ្នាំចុងក្រោយគេបានសាងស្នាដៃសឹងមិនគួរឲ្យជឿដូចជា ឈ្នះ Premier League ២ដងជាប់គ្នាជាមួយ Leicester City និង Chelsea និងឈ្នះ World Cup ជាមួយបារាំង៕

ដកស្រង់ពី៖ Sabay