បណ្តាញសង្គម

ជា​រឿង​កម្រ ​លំដាប់កីឡាករ​ ផល​ សោភ័ណ្ឌ​ ត្រូវ​រាប់​ដល់​ទៅ​២ដង​ដោយ​សារ​កីឡាករ​ថៃ​

ការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃសុក្រកន្លងទៅនេះ ពិតជារឿងភ្ញាក់ផ្អើលមួយសម្រាប់អ្នកនិយមគុនខ្មែរ បន្ទាប់ពីជើងខ្លាំងជួរមុខកម្ពុជាដែលកម្រនិងចាញ់ ហើយថែមទាំងភាគច្រើនផ្ដួលដៃគូឲ្យសន្លប់ទៀតនោះត្រូវ អាជ្ញាកណ្ដាលរាប់២ដងដោយសាររន្ទះជើងថៃ។

អ្នកលេងគុនថៃ Janwat ម្នាក់នេះគ្រាន់តែចូលទឹកទី១ភ្លាម គឺចាប់ផ្ដើមទាត់ជើងឆ្វេងខ្លាំងតែម្ដង ពោលទាត់ស្ទើរតែ ផល សោភ័ណ្ឌ ដកដង្ហើមមិនទាន់។ អំឡុងទឹកទី១ -២ នេះ ជើងខ្លាំងឆ្លងដែនរូបនេះប្រើរន្ទះជើងរបស់ខ្លួនច្រើនមែនទែន យ៉ាងណាមិញ សោភ័ណ្ឌ ក៏ព្យាយាមវ៉ៃតបតមកវិញដែរតែមិនបានផលនោះឡើយ ហើយត្រូវអាជ្ញាកណ្ដាលរាប់នៅចុងទឹកទី២ទៀតផង។

គេមើលឃើញថាកីឡាករថៃខាងលើនេះរឹងល្អ បើទោះជាត្រូវនិងស្នៀតកែង កណ្ដាប់ដៃ និងការទាត់ជើងក្រោមរបស់ សោភ័ណ្ឌ យ៉ាងណាក្ដីក៏នៅតែមិនអីនោះឡើយ។ នៅសល់១នាទីចុងទឹកទី៣ អ្នកទាំងពីរអោប និងឆក់កែងដូចគ្នា អ្នកប្រដាល់កម្ពុជារូបនេះឆក់កែងឆ្វេងខុស ខណៈថៃឆក់កែងស្ដាំវិញត្រូវ ជាហេតុធ្វើឲ្យអាជ្ញាកណ្ដាលរាប់កីឡាករ ផល សោភ័ណ្ឌ ជាលើកទឹកទី២នៅការប្រកួតនោះ។

អាជ្ញាកណ្ដាលរាប់ពីរដងមែន ប៉ុន្តែនៅតែសរសើរទឹកចិត្តខំប្រឹងប្រែងរបស់ អ្នកប្រដាល់មកពីខណ្ឌដង្កោរូបនេះណាស់ គឺព្យាយាមចូលវ៉ៃ និងប្ដូរជាមួយជើងខ្លាំងថៃនេះរហូតចប់ទឹក៥ ដើម្បីបន្តក្ដីសង្ឃឹមយកឈ្នះវិញ ប៉ុន្តែជាលទ្ធផលចាញ់ពិន្ទុដដែល។

រំលឹកដែរថា ផល សោភ័ណ្ឌ បន្ទាប់ពីចាញ់សន្លប់ក្រោមផ្លែងកែងរបស់កីឡាករ ឃុន ក្រុងថេប កាលពីដើមឆ្នាំ២០១៨ កន្លងមក មិនដែលមានកីឡាករម្នាក់ណាវ៉ៃឲ្យកីឡាកររូបនេះដល់ថ្នាក់រាប់បែបនេះណាស់ មានតែជើងខ្លាំង Janwat ប៉ុណ្ណោះអាចឈ្នះពិន្ទុហើយ ថែមទាំងវ៉ៃឲ្យអាជ្ញាកណ្ដាលរាប់ពីរដងទៀតផងកាលពីថ្ងៃសុក្រ ទី១១ ខែមករា ២០១៩ នេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ៕

ដកស្រង់ពី៖ Sabay