បណ្តាញសង្គម

ជម្រើស​ជាតិ​វៀតណាម​ប៉ះ​​ Liverpool នៅ​មិន​ទាន់​ផ្លូវការ​ តែ​សង្ឃឹម​ខ្ពស់​ថា​នឹង​កើត​ឡើង​

សហព័ន្ធ បាល់ទាត់ វៀតណាម គ្រោងអញ្ជើញ ក្លឹបធំអឺរ៉ុប ហង្សក្រហម Liverpool ឲ្យទៅប្រកួត មិត្តភាព ជាមួយក្រុមជម្រើសជាតិ របស់ពួកគេ នៅទីក្រុងហាណូយ អំឡុងរដូវក្ដៅនេះ។

ក្រុមកំពូលតារាងលីគកំពូលអង់គ្លេសគ្រោងទៅប្រកួតកម្ដៅសាច់ដុំនៅអាស៊ីអំឡុងចប់រដូវកាលហើយវៀតណាមអាចជាគោលដៅមួយរបស់ក្លឹប។ នេះបើតាមការបញ្ជាក់ពីអគ្គលេខាធិការសហព័ន្ធ។ ការប្រកួតគ្រោងធ្វើនៅកីឡដ្ឋាន My Dinh នារដ្ឋធានីហាណូយ បន្ទាប់ពី Liverpool ទៅលេងនៅចិន និងថៃ។

ប្រទេសក្បែរខាងកម្ពុជាមួយនេះធ្លាប់បើកទ្វារទទួលភ្ញៀវជាក្រុមយក្សអឺរ៉ុបមួយចំនួនកាលពីអតីតកាលមានដូចជា Arsenal ក្នុងឆ្នាំ២០១៣ និង Manchester City ក្នុងឆ្នាំ២០១៧ ហើយពួកគេរំពឹងថានឹងឃើញវត្តមានកីឡាករកំពូលពិភពលោករបស់ Liverpool ដូចជា Salah, Virgil Van Dijk និង Xherdan Shaqiri លើទឹកដីវៀតណាម៕