បណ្តាញសង្គម

Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត

ក្លឹប Manchester United បានបដិសេធចំពោះសំណើរបស់កាំភ្លើងធំ Arsenal ក្នុងការនាំយកខ្សែការពារ Eric Bailly មកកាន់ទីក្រុងឡុងដ៏។

Arsenal ចង់ខ្ចីជើងកីឡាករសញ្ជាតិកូឌីវ័រមកជួយក្រុមរហូតដល់ចប់រដូវកាលនេះ ហើយអាចនឹងទិញផ្ដាច់នៅរដូវក្ដីខាងមុខ។ ប៉ុន្តែ United មិនចង់បាត់បង់កីឡាករវ័យ២៤ឆ្នាំនៅពេលនេះឡើយ ហើយក៏មិនចាប់អារម្មណ៍អ្វីទាំងអស់។

Bailly ត្រូវបានអតីតអ្នកចាត់ការរបស់ Man Utd លោក Jose Mourinho ទិញមកក្នុងតម្លៃ៣០លានផោន កាលពីឆ្នាំ២០១៦ ហើយពេលនេះសល់កុងត្រា១៨ខែទៀត។ បច្ចុប្បន្ន Bailly មិនស្ថិតក្រោមជម្រើសដំបូងរបស់គ្រូបណ្ដោះអាសន្ន Ole Gunnar Solskjaer ឡើយ។ ក្នុងចំណោម៧ប្រកួតចាប់តាំងពី Solskjaer ចូលមកដឹកនាំខ្សែការពារកណ្ដាលរូបនេះលេងជម្រើសដំបូងបាន១ប្រកួតគត់។

United មានគំនិតចង់ពង្រីកកុងត្រាថ្មីឲ្យ Eric Bailly ២ឆ្នាំទៀត ប៉ុន្តែពន្យារពេលរងចាំការតែងតាំងគ្រូថ្មីពិតប្រាកដសិន ខណៈកីឡាករផ្ទាល់ក៏ចង់បន្តពង្រឹងសមត្ថភាពនៅ Man Utd ទៀតដែរ៕

ដកស្រង់ពី៖ Sabay