បណ្តាញសង្គម

ថ្មី​ទៀត​ហើយ​! ONE ទើប​តែង​តាំង​អនុប្រធានអន្តរជាតិថ្មី​

ស្ថាប័នប្រដាល់ ONE Championship បានពង្រីកខ្លួនធំមួយកម្រិតទៀតហើយ ពេលនេះបានប្រកាសតែងតាំងអ្នកស្រី Meghan Jenkins ជាអនុប្រធានផ្នែកអន្តរជាតិ។

អ្នកស្រីធ្លាប់ជាអតីតអនុប្រធាន និងជាប្រធានយុទ្ធសាស្ត្ររបស់ NBA Asia តាំងពីឆ្នាំ២០១៥ នៅទីក្រុងហុងកុង។ មុនការកាន់តំណែងនៅហុងកុងនោះ អ្នកស្រីមានប្រវត្តិធ្វើការនៅទីស្នាក់ការកណ្តាលរបស់ NBA ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អ្នកស្រីបានចំណាយពេលវេលាជាង ១០ឆ្នាំប្រឡូកក្នុងសកម្មភាពដឹកនាំវិស័យកីឡាបាល់បោះទូទាំងពិភពលោក រហូតត្រូវបាន ONE Championship តែងតាំងជាអនុប្រធានអន្តរជាតិតែម្តង។

ប្រធាន និងនាយកប្រតិបត្តិរបស់ ONE លោក Chatri Sityodtong ថ្លែងថា៖ «វាជាកិត្តិយសក្រៃលែងដែលប្រកាសផ្លូវការនេះថា Meghan Jenkins នឹងចូលរួមជាអ្នកដឹកនាំក្រុមជាន់ខ្ពស់នៅ ONE Championship ក្នុងតំណែងជា អនុប្រធានអន្តរជាតិ។ Meghan នឹងធ្វើការជាមួយខ្ញុំផ្ទាល់ ក៏ដូចជា សមាជិកថ្នាក់ដឹកនាំ ផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ដឹកនាំស្ថាប័ន ONEឲ្យក្លាយទៅជាស្ថាប័នផ្សព្វផ្សាយកីឡាតម្លៃរាប់លានដុល្លារដំបូងតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រអាស៊ី»។

កាលពីថ្ងៃសុក្រ ទី២៥ ខែមករា ONE Championship ប្រកាសធ្វើជាដៃគូផ្តាច់មុខជាមួយស្ថាប័នក្បាច់គុន Shooto។ ស្ថាប័ន ONE មានស្នាក់ការនៅប្រទេសសិង្ហបុរី នេះក៏បានធ្វើឲ្យកក្រើកពិភពគុននាចុងឆ្នាំ២០១៨កន្លងទៅនៅពេលប្រកាសចុះហត្ថលេខាបញ្ចូលកីឡាករចំណូលថ្មីបីរូប គឺអតីតតារាប្រដាល់ UFC ដ៏ល្បីឈ្មោះ Demetrious Johnson និង Eddie Alvarez រួមទាំង Sage Northcutt ធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់ពិភពលោកភ្ញាក់ផ្អើលខ្លាំង៕

ដកស្រង់ពី៖ Sabay