បណ្តាញសង្គម

ពាន​ Leader+ របស់​អម្រឹត​​មាន​គោលការណ៍​សំខាន់ៗ​៣​

ពានរង្វាន់បាល់ទាត់មិនអាជីពដែលមានឈ្មោះថា Leader + របស់អម្រឹត រដូវកាលទី៦បានប្រកាសបើកផ្លូវការកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះនៅវិទ្យាល័យឥន្រ្ទទេវី។

ក្នុងឱកាសប្រកាសបើកការប្រកួតលោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានឲ្យដឹងថា ពានរង្វាន់នេះមានគោលការណ៍សំខាន់ៗ៣គឺ អ្នកចុះឈ្មោះចូលរួមទទួលបានឱកាសលេងទាំងអស់គ្នា, ការប្រកួតប្រកបដោយភាពសប្បាយរីករាយ ជាមួយការប្រឹងប្រែងឲ្យអស់សមត្ថភាព (ចង់ឈ្នះដាច់ខាត) និងមានការអធ្យាស្រ័យគ្នា ក្នុងករណីមានប៉ះទង្គិច។

ការបង្កើតពាននេះក៏ក្នុងគោលបំណងចង់ឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់មានទំនាក់ទំនងល្អ តាមរយៈការលេងកីឡាបាល់ទាត់។ អគ្គនាយករូបនេះបានបន្ថែមថា ពានរង្វាន់នេះក៏ចង់ឲ្យបុគ្គលិកទាំងអស់មានសុខភាពរឹងមាំតាមរយៈការលេងកីឡាបាល់ទាត់។ អ្វីដែលសំខាន់តាមរយៈការបង្កើតពានបាល់ទាត់មិនអាជីពនេះ ក៏ចង់បំផុសឲ្យយុវជនកម្ពុជានៅតាមបណ្ដាភូមិឃុំនានា ងាកមកលេងបាល់ទាត់ជៀសឆ្ងាយពីគ្រឿងញៀន។

ពាននេះមានក្រុមចូលរួមចំនួន ៥ ដែលត្រូវធ្វើការប្រកួតវិលជុំ សន្សំពិន្ទុ ក្រុមមានពិន្ទុលើគេ នឹងលើកពាន។ ពាននេះបានចាប់ផ្ដើមការប្រកួតដំបូងកាលពីថ្ងៃទី១៤ មករា ២០១៩ មកម្ល៉េះ តែសម្រេចធ្វើពិធីបើកផ្លូវការម្សិលមិញនេះ។ ក្រុមជើងឯក នឹងរកឃើញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ កម្មវិធីប្រកួត នឹងធ្វើឡើងរៀងរាល់រសៀលថ្ងៃច័ន្ទ និងព្រឹកថ្ងៃសៅរ៍ នៅទីលានឥទ្រ្ទទេវី។ សម្រាប់ក្រុមជើងឯករដូវកាលទី៥ បានទៅលើ GOLDIE មកពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង៕

ដកស្រង់ពី៖ Sabay