បណ្តាញសង្គម

យុវជន​លេចធ្លោ ឃៀង ម៉េងហ៊ួ សន្យា​បន្ត​ប្រឹងប្រែងដើម្បី​​​អាច​ជួយ U23

យុវជនលេចធ្លោរបស់ U22 កម្ពុជា ឃៀង ម៉េងហ៊ួ បានសន្យាបន្តប្រឹងប្រែងហ្វឹកហាត់ ដើម្បីអាចក្ដាប់យកឱកាសចូលលេងឲ្យយុវជនក្រោមអាយុ ២៣ ឆ្នាំកម្ពុជា ក្រោយចប់ភារកិច្ចជាមួយ U22 កាលពីម្សិលមិញ។

យុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះជាខ្សែប្រយុទ្ធលេចធ្លោរបស់ U22 កម្ពុជា ក្នុងការបង្ហាញខ្លួនសឹងគ្រប់ប្រកួតក្នុងព្រឹត្តិការណ៍ 2019 AFF U22 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីមិនបានបង្ហាញខ្លួនប្រកួតចុងក្រោយក្នុងជំនួបដែល U22 កម្ពុជាចាញ់វៀតណាម១-០ ម៉េងហ៊ួ បង្ហាញអារម្មណ៍សប្បាយចិត្ត ពីព្រោះមិត្តរួមក្រុមរបស់គេលេងបានល្អ។

យ៉ាងណាក្ដីរូបគេមើលឃើញថា ខ្លួនឯងទទួលបានបទពិសោធយ៉ាងច្រើនក្នុងការលេងពានខាងលើ ដែលជាពានលក្ខណៈអន្តរជាតិ។ ម៉េងហ៊ួ បានសន្យាថា នឹងពង្រឹងចំណុចខ្វះខាតរបស់ខ្លួនបន្ថែម ដើម្បីអាចទទួលបានឱកាសចូលលេងក្នុងក្រុម U23 កម្ពុជាព្រឹត្តិការណ៍ជម្រុះ 2020 AFC U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងខែមីនា ឆ្នាំ២០១៩។

គេក៏បានអរគុណទៅកាន់អ្នកគាំទ្រ ដែលបានមកលើកទឹកចិត្ត U22 ទោះមិនបានឈ្នះពាន ប៉ុន្តែបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមខ្លាំង។ ឃៀង ម៉េងហ៊ួ ជាខ្សែប្រយុទ្ធរបស់ក្លឹប ព្រះខ័នរាជស្វាយរៀង ដែលជាកីឡាករលេចធ្លោម្នាក់ក្នុងព្រឹត្តិការណ៍ AFF U22 Championship ។ សម្រាប់ព្រឹត្តិការណ៍ជម្រុះ AFC U23 គឺកម្ពុជាស្ថិតនៅពូល H ជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង អូស្ត្រាលី និងឆាយនីសតៃប៉ិ៕

ដកស្រង់ពី៖ Sabay