បណ្តាញសង្គម

ចាន់​ រតនា៖​ ខ្ញុំ​ក៏ចង់​ផ្ទេរ​ក្បាច់​គុន​ឲ្យ​កូន​ស្រី​ដែរ​ ប៉ុន្តែ​មិន​បង្ខំ​ទេ​បើ​ស្រឡាញ់​អាច​ហាត់​បាន​

អ្នកលេងគុនខ្មែរ និងគុនចម្រុះ ចាន់ រតនា ឆ្លៀតពេលបង្ហាត់ប្រដាល់ដល់កូនស្រីទាំង២នាក់របស់ខ្លួន ប៉ុន្តែមិនជាប់លាប់នោះទេ ពោលថ្ងៃណាដែលពួកគេចង់ហ្វឹកហាត់ទើបជើងខ្លាំងរូបនេះបង្ហាត់។

រតនា បានឲ្យដឹងថា ចំពោះខ្លួនជាអ្នកក្បាច់គុនម្នាក់ក៏ចង់ឲ្យមានអ្នកស្នងជាពិសេសកូនៗផងដែរ ប៉ុន្តែរូបគេមានតែកូនស្រីប៉ុណ្ណោះ ប្រសិនបើពួកគេស្រឡាញ់ ឬចង់ហាត់ខ្លួននឹងជួយជំរុញអត់មានបង្ខិតបង្ខំនោះទេស្រេចទៅលើចំណូលចិត្ត។ «ខ្ញុំចង់ឲ្យពួកគេទាំង២ ចាប់យកកីឡាណាមួយ ព្រោះវាធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែបើចេះប្រដាល់ក៏ល្អម្យ៉ាងដែរ ទៅណាមកណាខ្ញុំមិនសូវបារម្ភ» សម្ដី ចាន់ រតនា

តារាឆ្នើមនៅសង្វៀន One Championship របស់កម្ពុជារូបនេះលើកឡើងទៀតថា បច្ចុប្បន្ននេះកូនស្រីទាំង២នាក់នេះ ក៏បានហ្វឹកហាត់ប្រដាល់ពីលោកខ្លះៗដែរ ពោលនៅពេលពួកគេចង់ហ្វឹកហាត់គឺហ្វឹកហាត់ទៅ ប៉ុន្តែមិនទៀងទាត់ឡើយ។ ក្នុងចំណោមកូនស្រី២នាក់នេះ គឺ Lycia ដែលជាកូនបងហាក់ចាប់អារម្មណ៍ហ្វឹកហាត់ខ្លាំង និងមានទេពកោសល្យជាងប្អូនរបស់គេ។ កីឡាករ ចាន់ រតនា មានភរិយាជាជនជាតិបារាំង ឈ្មោះអ្នកស្រី Cindy Coupon និងមានកូនស្រី២នាក់ គឺ Lycia អាយុ ១១ឆ្នាំ និង Melody អាយុ ៧ឆ្នាំ បច្ចុប្បន្នពួកគេកំពុងរស់នៅកម្ពុជា៕

ដកស្រង់ពី៖ Sabay