បណ្តាញសង្គម

ម្ដាយ​ Rabiot ថា​ PSG ចាត់​ទុក​កូន​ខ្លួន​ដូច​អ្នក​ទោស​ ចង់​ធ្វើ​អី​ក៏​ខុស​​

ម្ដាយបង្កើតរបស់ Adrien Rabiot បានប្រតិកម្មទៅនឹងចំណាត់ការដ៏តឹងរ៉ឹងរបស់ Paris Saint-Germain ទៅលើកូនប្រុសរបស់អ្នកស្រី ដោយចាត់ទុកទង្វើរបស់ក្លឹបមិនខុសពីការពិន័យលើអ្នកទោសឡើយ។

ខ្សែបម្រើបារាំងកំពុងមានរឿងរកាំរកូសជាមួយក្លឹបជើងឯក Ligue 1 ក្រោយទៅក្លឹបកម្សាន្តនៅថ្ងៃដែល PSG ធ្លាក់ចេញពី Champions League ក្រោមស្នាដៃ Manchester United។ នេះមិនមែនជាកំហុសទីមួយទេរបស់ Rabiot ពោលមុននេះ ក្លឹបបានដាក់ពិន័យគេមិនឲ្យលេងដល់ថ្ងៃ២៧មិនាដោយសារចុច Like វីដេអូរបស់ Patrice Evra អបអរពេល PSG ចាញ់។

Veronique ដែលជាម្ដាយ និងជាភ្នាក់ងារកីឡាករផ្ទាល់បានបន្ទោស PSG ថាមានវិន័យតឹងរ៉ឹងហួសហេតុ។ ស្ត្រីរូបនេះបានបន្តថា នៅខ្វះតែបន្តិចទៀតក្លឹបប្រហែលជាបង្អត់អាហារ ឬទឹកដល់កូនរបស់អ្នកស្រីហើយព្រោះសព្វថ្ងៃ Rabiot ដូចជាអ្នកទោសអញ្ចឹង សូម្បីទៅហាត់យឺតបន្តិចក៏ត្រូវកាត់ប្រាក់ខែ។ គួរបញ្ជាក់ថា Rabiot នឹងផុតកុងត្រាជាមួយ PSG នៅចុងរដូវកាលនេះខណៈ Liverpool និង Barcelona កំពុងតាមចែចូវរូបគេទៅលេងឲ្យ ដោយមិនចាំបាច់ចំណាយលើតម្លៃខ្លួនផ្ទេរ៕

ដកស្រង់ពី៖ Sabay