បណ្តាញសង្គម

កីឡាករ​អាជីព​​ជប៉ុន​​ Yusuke ពេលមក​ដល់​ខ្មែរ​​ចង់​​លេងលីគកម្ពុជាតែម្តង​

កីឡាករបាល់ទាត់ចាស់វស្សារបស់ជប៉ុន Yusuke Igawa ចាប់អារម្មណ៍មកលេងក្លឹបណាមួយនៃលីគបាល់ទាត់កំពូលកម្ពុជា ប្រសិនបើរូបគេមានឱកាស។

បច្ចុប្បន្ននេះលោកកំពុងលេងនៅក្លឹបមួយនៃលីគកំពូលហុងកុង។ ក្នុងដំណើរមកកម្ពុជា កីឡាករវ័យ៣៦ឆ្នាំ Yusuke Igawa បានមកលេងក្រុមហ៊ុន Sabay ហើយបានបង្ហាញចំណាប់អារម្មណ៍អំពីវិស័យបាល់ទាត់កម្ពុជា។ លោកថា បាល់ទាត់កម្ពុជាកំពុងមានសក្ដានុពល ហើយរូបគេចង់ចូលរួមជួយអភិវឌ្ឍបាល់ទាត់កម្ពុជា។

ប្រសិនបើមានឱកាសរូបគេក៏ចង់លេងឲ្យក្លឹបណាមួយនៅកម្ពុជាដែរ។ ខ្សែការពារដែលធ្លាប់លេងនៅលីគកំពូលជប៉ុន១៧ឆ្នាំបាននិយាយតាមរយៈ Sabay ទៅកាន់អ្នកស្នេហាកីឡាបាល់ទាត់ថា ៖«សួស្តីបងប្អូន! ខ្ញុំឈ្មោះ Yusuke Igawa។ ខ្ញុំធ្លាប់លេងនៅ J League ១៧ឆ្នាំ ហើយឥឡូវខ្ញុំកំពុងលេងនៅហុងកុង។ ខ្ញុំពិតជាចាប់អារម្មណ៍នឹងបាល់ទាត់កម្ពុជា។

ខ្ញុំចង់ជួយ។ បើមានឱកាស ខ្ញុំចង់លេងនៅទីនេះ ដូច្នេះចាំជួបគ្នាឆាប់ៗ»។ ក្នុងតំណែងជាខ្សែការពារ ទាំងស្ថិតនៅជាយុវជន និងក្រុមធំ Yusuke Igawa លេងនៅក្លឹប Gamba Osaka ពីឆ្នាំ១៩៩៥ ដល់ ២០០៣។ ឆ្នាំ២០០៣-២០០៤ រូបគេលេងឲ្យក្លឹប Sanfrecce Hiroshima និងឆ្នាំ២០០៤-២០០៥លេងឲ្យក្លឹប Nagoya Grampus Eight។

ក្លឹបដែលលេងបានយូរបំផុតគឺ Kawasaki Frontale ពីឆ្នាំ២០០៦ដល់២០១៧ដែលបង្ហាញខ្លួនលើទីលានបាន២២៩ប្រកួត រកបាន៣គ្រាប់។ រដូវកាល២០១៨-១៩ រូបគេលេងនៅក្លឹប Eastern នៃលីគកំពូលហុងកុង៕

ដកស្រង់ពី៖ Sabay