បណ្តាញសង្គម

គ្រូ​អាហ្សង់ទីន បញ្ជាក់​ពី​អនាគត​របស់ Messi នៅ​ពាន Copa America លេង​ឬ​មិន​លេង

Lionel Messi នឹងលេងឲ្យជម្រើសជាតិអាហ្សង់ទីនក្នុងពានរង្វាន់ Copa America នៅខែមិថុនា ដែលរៀបចំក្នុងប្រទេសប្រេស៊ីល។ នេះតាមការបញ្ជាក់របស់លោក Lionel Scaloni ដែលជាគ្រូរបស់អាហ្សង់ទីន។

Scaloni បាននិយាយក្នុងប្រទេសម៉ារ៉ុក ដែលជាកន្លែងអាហ្សង់ទីនត្រូវប្រកួតមិត្តភាពយប់នេះថា លោកមិនទាន់បានពិភាក្សារឿងពាន Copa America ជាមួយ Messi ទេ ចាប់តាំងពីក្រុមចាញ់វេណេហ្ស៊ុយអេឡា ៣-១ កាលពីសប្ដាហ៍មុន។ តែលោកបញ្ជាក់ថា Messi នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។

”Leo នឹងបង្ហាញខ្លួនក្នុងពាន Copa America។ នេះគឺជាភស្តុតាងគេនឹងលេង។ គេបានបង្ហាញឆន្ទៈលេងក្នុងព្រឹត្តិការណ៍នេះ ហើយពួកយើងមើលឃើញ គេមានការជំរុញច្រើន។ ពេលការប្រកួតទល់នឹងវេណេហ្ស៊ុយអេឡាចប់ ពួកយើងមានពិភាក្សាអំពីការប្រកួត មិនមែនពីអ្វីដែលត្រូវមកទេ។ ពួកយើងនឹងប្រឹងធ្វើការដើម្បីក្លាយជាក្រុមល្អមួយ"។ សម្ដីលោក Scaloni។

ការប្រកួតមិត្តភាពជាមួយវេណេហ្ស៊ុយអេឡា ជាការបង្ហាញខ្លួនលើកដំបូងរបស់ Messi ឲ្យអាហ្សង់ទីន ចាប់តាំងពីព្រឹត្តិការណ៍ World Cup។ តែម្ចាស់ពាន Ballon d'Or ៥សម័យនឹងមិនបានជួយក្រុមលេងទល់ម៉ារ៉ុកយប់នេះឡើយ ដោយសារមានរបួសក្រលៀន៕

ដកស្រង់ពី៖ Sabay