បណ្តាញសង្គម

អាហ្សង់ទីន និងបែលហ្ស៊ិក ឡើងទៅជួបគ្នា នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ

ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Lionel Messi បានសង្គ្រោះ ក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីនម្តងទៀត ដើម្បីជួយឲ្យពួកគេ ផ្តួលក្រុមជម្រើសជាតិស្វ៊ីស ខណៈដែលដំណើរ ដ៏ល្អក្នុងការប្រកួត World Cup របស់ក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក បានឈានដល់ ទីបញ្ចប់នៅពេលជួប ក្រុមជម្រើសជាតិបែលហ្ស៊ិក កាលពីថ្ងៃអង្គារ។

Messi បានជួយបង្កើតឱកាស នៃការរកគ្រាប់បាល់ ឈ្នះសម្រាប់ Angel Di Maria នៅក្នុងរយៈពេល ពីរនាទីចុងក្រោយ នៃនាទីបន្ថែម ១៥នាទីពីរដង ដើម្បីជួយឲ្យក្រុមរបស់ អាមេរិកខាងត្បូងមួយ ទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិស្វ៊ីស។

 

កីឡាករ Angel di Maria អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនដែលនាំឲ្យអាហ្សង់ទីនឡើងទៅកាន់វគ្គបន្ត

ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបជាមួយនឹង ក្រុមជម្រើសជាតិ បែលហ្ស៊ិក ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្នុងទីក្រុង Brasilia នៅថ្ងៃសៅរ៍ ខាងមុខនេះ ក្រោយពីពួកគេ បានផ្តួលក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក ២-១ បន្ទាប់ពី ការបន្ថែម១៥នាទីពីរដង។ការបង្ហាញពី ទម្រង់លេងដ៏អស្ចារ្យ ពីសំណាក់អ្នកចាំទី Tim Howard បានធ្វើឲ្យក្រុមជម្រើសជាតិ បែលហ្ស៊ិក ត្រូវបញ្ចប់ក្នុងលទ្ធផល ស្មើ ០-០ ក្រោយពីរយៈពេល៩០នាទី។ ប៉ុន្តែ ការប្តូរឲ្យខ្សែប្រយុទ្ធ Romelu Lukaku ដែលមានមូលដ្ឋាន នៅអង់គ្លេស ចូលលេង បានធ្វើឲ្យការប្រកួតនេះ ធ្លាក់ក្នុងដៃរបស់ក្រុមបែលហ្ស៊ិកតែម្តង។

អ្នកចាំទីអាមេរិក Tim Haward សោកស្តាយដែលមិនអាចនាំក្រុមឈានទៅកាន់វគ្គបន្ត

ការប្រើល្បឿន ដ៏មានថាមពល របស់ខ្សែប្រយុទ្ធនៃក្លិប Chelsea រូបនេះ បានជួយឲ្យខ្សែបម្រើ Kevin De Bruyne រកគ្រាប់បាល់ បើកឆាកនៅនាទី ទី៩៣ នៅមុនពេលរូបគេ បានទទួលបាល់យ៉ាងល្អ និងបានស៊ុតបាល់ បំប៉ោងសំណាញ់ទីរបស់ Howard ដើម្បីរក គ្រាប់បាល់ទី២តែម្តង។ គ្រាប់បាល់នោះហាក់ដូចជា ត្រូវកំណត់ ក្នុងការប្រកួតនេះទៅហើយ ប៉ុន្តែ ក្រុមអាមេរិក របស់លោក Jurgen Klinsmann បានធ្វើការវាយបក យ៉ងខ្លាំងក្លា។

ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ពីសំណាក់កីឡាករបម្រុង Julian Green វ័យ១៩ឆ្នាំ នៅនាទី ទី១០៧ បានបំពេញនូវលទ្ធផល នៃការ ប្រកួតនេះតែម្តង។ ជ័យជម្នះនេះ ធ្វើឲ្យក្រុមជម្រើសជាតិ បែលហ្ស៊ិក ឈានទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជាលើកទី១ នៃយុទ្ធនាការ World Cup ក្នុងរយៈពេល២៨ឆ្នាំ ដែលនៅពេលនោះពួកគេ បានឈានទៅវគ្គ ៤ក្រុមចុងក្រោយ ក្នុងប្រទេស ម៉ិកស៊ិក មុននឹងត្រូវធ្លាក់ចេញ ក្រោមស្នាដៃរបស់ ក្រុមអាហ្សង់ទីន៕

ប្រភព៖ គេហទំព័រថ្មីៗ