បណ្តាញសង្គម

ស សី ​​ផ្ញើ​សារលើកទឹកចិត្តដល់កីឡាករគុនចម្រុះវ័យក្មេងនៅកម្ពុជា

កីឡាករគុនខ្មែរជើងចាស់ ស សី បានផ្ញើសារលើកទឹកចិត្តឲ្យកីឡាករគុនចម្រុះ (MMA) នៅកម្ពុជា ខិតខំហ្វឹកហាត់ព្រោះថា បច្ចុប្បន្នតម្លៃខ្លួនល្អប្រសើរពេលចេញទៅប្រកួតលើឆាកអន្តរជាតិ។

ការផ្ញើសារដ៏មានសារសំខាន់នេះ ដោយសារបុរសវ័យ ៣៧ ឆ្នាំខាងលើហាក់ចាកឆ្ងាយពីសង្វៀនព្រោះវ័យកាន់តែជ្រេ កម្លាំងធ្លាក់ចុះ និង គ្រួសារផ្ទាល់ប្រាប់ថាឈប់វ៉ៃទៅកុំឲ្យខ្មាសក្មេងៗ។ យ៉ាងណាក្ដី កូនសិស្សរបស់លោក អេ ភូថង ផ្ដល់ពាក្យលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយបែបនេះ៖«សូមប្អូន ហ្វឹកហាត់ MMA កុំអស់សង្ឃឹម ទោះមិនទាន់មានសង្វៀនប្រកួតញឹកញាប់ តែមិនយូរទេ នៅក្នុងស្រុកច្បាស់ជាមានការរៀបចំឡើងវិញ។

យើងហ្វឹកហាត់ឲ្យខ្លាំង គ្រូបង្វឹកនឹងចាប់គូឲ្យវ៉ៃមិនខាន។ ទោះសង្វៀន ONE Championship យើងមិនបានឡើងវ៉ៃរាល់សប្ដាហ៍ ឬ ១ ខែម្ដង ប៉ុន្តែបើឡើងវ៉ៃម្ដងៗ ក៏បានតម្លៃខ្លួនគួរសមអាចផ្គត់ផ្គង់គ្រួសារបាន។ ពេលយើងខ្លាំងមិនខ្វះសង្វៀនប្រកួតទេ ហើយអ្នកហាត់គុនខ្មែរក៏ប្រឹងដូចគ្នា ព្រោះសង្វៀន ONE ឥឡូវគេមានការប្រកួត Kickboxing បញ្ចូលក្នុងនោះ។

ដូច្នេះអ្នកខ្លាំង ដូច ឡៅ ចិត្រា ឬ គង់ សំបូរ ជាដើមក៏ទទួលបានការចាប់គូដែរថ្មីៗនេះ»។ អតីតកូនសិស្សនៅក្លឹបក្រសួងការពារជាតិ បញ្ជាក់ទៀតថា ជំនាន់លោកមានឈ្មោះបោះសំឡេងក្នុងវិស័យគុនខ្មែរ ទទួលបានតម្លៃខ្លួនត្រឹម ៣០ ម៉ឺនប៉ុណ្ណោះពេលវ៉ៃគូឯក ប៉ុន្តែឥឡូវ ខុសគ្នាឆ្ងាយណាស់។

ទោះជាបែបណា កីឡាករដែលទទួលចំណាត់ថ្នាក់លេខ៤ក្នុងកម្មវិធីប្រដាល់ខ្សែក្រវាត់នៅសង្វៀនស៊ីធីអិនកាល ១០ ឆ្នាំមុនបានរំលឹកអំពីផលលំបាកហ្វឹកហាត់ គុនចម្រុះថា មានលក្ខណៈស្មុគស្មាញជាងហាត់គុនខ្មែរ ដោយសារត្រូវប្រើកម្លាំងខ្លាំងប្រើក្បាច់គាប ឃ្លេបំបាក់ ក្បាច់ដោះ និងបោកជាដើម ដែលតម្រូវឲ្យប្រើប្រាជ្ញា និង ស្មារតីខ្ពស់ក្នុងការចងចាំ។

ការវ៉ៃ MMA ត្រូវបើកម្លាំងជាង ប្រដាល់សេរីទ្វេដង ហើយបើមិនចេះក្បាច់ដោះ គ្រាន់តែដៃគូចាប់បោក ឬ ផ្ដួលខ្លួនពីលើក៏អស់កម្លាំងស៊ុហ្វមិនស្ទើរដែរ។ បុរសហាត់ប្រដាល់តាំងពីនៅរៀនសាលាបឋមសិក្សាជឿជាក់ថា មិនយូរប៉ុន្មាន នៅកម្ពុជានឹងមានកីឡាករគុនចម្រុះកាន់តែល្អៗច្រើនបន្ទាប់ពីមានក្លឹប MMA បើកជាបន្តបន្ទាប់។

លើសពីនេះ បើសិនជាហាត់បានដិតដល់ នោះច្បាស់ជាគ្រូបង្វឹកស្នើទៅសង្វៀននៅក្រៅប្រទេសឲ្យឡើងប្រកួតជាក់ជាមិនខាន។ មិនត្រឹមតែប៉ុណ្ណោះសោត កូនសិស្សរបស់លោក ឈិត សារឹម ក៏ទទូចឲ្យអ្នកលេងគុនខ្មែរខំប្រឹងហ្វឹកហាត់ដូចគ្នា ជាពិសេសសង្វៀន ONE Championship ដែលទទួលបានតម្លៃខ្លួនក្រាស់ក្រែលអាចជ្រោងជីវភាពគ្រួសារនោះតែងតែត្រូវការកីឡាករទៅប្រកួតជាប្រចាំក្នុងប្រភេទ Kickboxing (វ៉ៃសេរីតែបិទកែង) ស្របពេល សង្វៀនក្នុងស្រុកក៏កើនតម្លៃខ្លួនច្រើនគួរសមដែរ។

ស្ថិតក្នុងវ័យ៣៧ឆ្នាំ ស សី ជាអ្នកលេងគុនខ្មែរដោយចូលហ្វឹកហាត់ជាមួយគ្រូ ណុល នៅស្រុកមុខកំពូលតាំងពីរៀនថ្នាក់ទី ៥ មកម្ល៉េះ មុន បន្តហ្វឹកហាត់ជាមួយគ្រូ សឹង សារិទ្ធ នៅក្លឹបទ័ពជើងទឹក, គ្រូ អេ ភូថង នៅក្លឹបអេភូថង និងគ្រូ ឈិត សារឹម នៅក្លឹបក្រសួងការពារជាតិ។ មុនប្រកួតក្បាច់គុនចម្រុះនៅឆ្នាំ ២០១៦ ស សី ចូលហ្វឹកហាត់ក្បាច់គុនចម្រុះ (MMA) នៅអំឡុងឆ្នាំ ២០១៥ ជាមួយគ្រូហ៊ុន ច័ន្ទរាជ្យ និង គ្រូបរទេសម្នាក់ទៀត។

បុរសកើតនៅស្រុកមុខកំពូលខេត្តកណ្ដាលរូបនេះឡើងប្រកួតលើសង្វៀនក្បាច់គុនចម្រុះបានចំនួន ៨ ដងដែលក្នុងនោះ ឈ្នះ ៤ ដង និង ចាញ់ ចំនួន ៣ ដង គិតចាប់តាំងឆ្នាំ ២០១៦ មក។ ស សី ប្រកួតចុងក្រោយចាញ់កីឡាករចិន Xie Bin នៅសង្វៀន ONE: REIGN OF KINGS កាលខែ កក្កដាឆ្នាំ ២០១៨ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន៕

ដកស្រង់ពី៖ Sabay