បណ្តាញសង្គម

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី

(ឥណ្ឌូនេស៊ី)៖ បន្ទាប់ពិធីបើកវេទិកាហ្សាកាត់ពិភពលោក លើកទី៨ World Zakat Forum លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត ម៉ាក់រូហ្វ អាមីន Ma'ruf Ameen អនុប្រធានាធិបតីឥណ្ឌូនេស៊ី នៅឯសណ្ឋាគារ Crown Plaza Hotel ក្រុងបាន់ដុង សាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជូនអនុប្រធានាធិបតី និងជម្រាបជូន អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ការធ្វើឲ្យមានសុខដុមនីយកម្មសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនរើសអើងពូជសាសន៍។

ក្នុងនោះសហគមន៍ឥស្លាម ទទួលបានសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម។ ក្នុងឱកាសនោះផងដែរ តាមរយៈលោកអនុប្រធានប្រធានាធិបតីឥណ្ឌូនេស៊ី, ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានស្នើសុំការផ្តល់អាហារូករណ៍ ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅសាធារណរដ្ឋឥណ្ឌូនេស៊ី លើមុខជំនាញផ្សេងៗ ជាពិសេសផ្នែកជំនាញបច្ចេកទេស។

លោកទេសរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីក្រុមដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា និងស្នើសុំភាគីឥណ្ឌូនេស៊ី បន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះ បន្តទៅទៀត ក្នុងនាមជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និងបានជួយកម្ពុជា ក្នុងដំណាក់កាលចរចា និងក្នុងដំណាក់កាលកិច្ចព្រមព្រៀង សម្រេចជាស្ថាពរ ពោលមិត្តឥណ្ឌូនេស៊ី បានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាបានស្គាល់ ជាយូរលង់មកហើយ។

ជាការឆ្លើយតប លោក ម៉ាក់រូហ្វ អាមីន Ma'ruf Ameen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបាននឹករលឹកដល់លោក ហើយលោកក៏សូមជូនពរ និងលើកទឹកចិត្តដល់សម្ដេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អ ដើម្បីបន្តថែរក្សាសុខសន្តិភាពនៅកម្ពុជា និងសូមអបអរសាទរ ចំពោះសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខុសពីបណ្ដាប្រទេសមួយចំនួន ដែលបានធ្វើទុក្ខបុកម្និញ ទៅលើសហគមន៍ឥស្លាម៕

ដកស្រង់ពី៖ Fresh News