បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅខេត្តសៀមរាប

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់»។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលប្រមាណពីរថ្ងៃនេះ មានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ឬប្រធានប្រតិភូមកពីបណ្តាបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ។

មុនពេលបើកសន្និសីទសម្តេចតេជោ ហ៊ុន សែន ក៏អនុញ្ញាតឱ្យអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ក៏ដូចជាប្រធានប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនផងដែរ។

សូមបញ្ជាក់ថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន គឺជាយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យអយ្យការ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីអយ្យការប្រជាជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ សន្និសីទបានប្តេជ្ញាលើកកម្ពស់ការកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មការពារសុខុមាលភាព និងការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ាន និងចិន៕

ដកស្រង់ពី៖ Fresh News