បណ្តាញសង្គម

កម្ពុជា និង ចិន សហការ​ការបណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​ផ្លូវដែក​

ភ្នំពេញ: វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន Beijing Urban Construction Group កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក។

ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក HUANG Taiyan លេខាធិការបក្សកុម្មុយនីស្តចិន

និងជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យ Beijing Jiao Tong Universityនិង លោក Chen Daihua ប្រធានក្រុមហ៊ុន Beijing Urban Construction Group។

លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណងរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ

និងមានសីលធម៌ អត្តចរិត ចរិយាសម្បតិ្តត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្នផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោកនាយកវិទ្យាស្ថាន បានសំដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងបីនឹងធ្វើការរួមគ្នាយ៉ាងចិត្តស្និទ្ធក្នុងការជួយគ្នាទៅវិញទៅមក។

លោកអនុរដ្ឋលេខាធិការលោក វ៉ាស៊ឹម សុរិយា បានគូសបញ្ជាក់ថា អនុស្សរណៈ នៃការយោគយល់គ្នាថ្ងៃនេះ គឺជាធាតុសំខាន់បំផុតមួយ ដែលរួមចំណែកដល់ការបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគីប្រកបដោយប្រសិទ្ធភាព

រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីធានាគុណភាព នៃការអប់រំ សមស្របទៅនឹងតម្រូវការទីផ្សារ

និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់សិស្សានុសិស្សក្នុងការពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

លោក HUANG Taiyan បានមានប្រសាសន៍លើកឡើងថា កម្ពុជាជាដៃគូយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងជាប្រទេសសំខាន់មួយនៅក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន។

ជាមួយនឹងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី នៃភាគីទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលទាំងពីរ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកបានបន្ថែមថា សាកលវិទ្យាល័យ BJTU នឹងរង់ចាំការពង្រឹងទំនាក់ទំនងជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស

និងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវមិត្តភាព វិបុលភាពរួមគ្នា និងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរ លោក Chen Daihua បានជម្រាបជូនថា ក្រុមហ៊ុន BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង៥០០របស់ចិន ឋិតក្នុងចំណាត់ថ្នាក់ទី១៤ នៅក្នុង “កំពូលអ្នកម៉ៅការសំណង់ជាសកល ២៥០” នៃ ENR ។

ក្រុមហ៊ុន BUCG និងសាកលវិទ្យាល័យ Beijing Jiao Tong University មានកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យដឹកជញ្ជូនផ្លូវដែកក្នុងទីក្រុង ការបណ្តុះបណ្តាលសមត្ថភាព ការស្រាវជ្រាវគម្រោង និងកាលោកបានសំដែងក្តីសង្ឃឹមថា៖

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន BUCG អាចឆ្ពោះទៅមុខរួមគ្នា ដើម្បីលើកកម្ពស់ការបង្កើតទ្រឹស្តី ក៏ដូចជាការអនុវត្តទ្រឹស្តីទាំងនោះដោយផ្ទាល់ ព្រមទាំងបង្កើតកម្មវិធីសម្រាប់ការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សរួមគ្នា។

ដោយឡែក លោក Guan Zhongliang បានថ្លែងមតិចាប់អារម្មណ៍ថា៖ សាកលវិទ្យាល័យ BJTU បានប្តេជ្ញាចិត្តបម្រើការអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូនរបស់ប្រទេសចិន និងបានចូលរួមយ៉ាងពេញទំហឹងក្នុងការស្រាវជ្រាវ និងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន។

BJTU បានទទួលយកនិស្សិតកម្ពុជាជិតមួយរយនាក់ និងបានបណ្តុះបណ្តាលលើផ្នែកវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី សេដ្ឋកិច្ច និងការគ្រប់គ្រង នាពេលអនាគត

សាកលវិទ្យាល័យនឹងស្វាគមន៍និស្សិតឆ្នើមកម្ពុជាពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បន្ថែមទៀតដើម្បីទៅសិក្សានៅ BJTU និងបានសំដែងក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងបីនឹងទទួលបានផ្លែផ្កាល្អ។

ផ្លាស់ប្តូរបទពិសោធន៍ជាច្រើន ដែលបានបង្កើតបានជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍរួមគ្នារវាងស្ថាប័នទាំងពីរ។ជាងនេះទៅទៀត លោក Guan បានជម្រាបជូនថា៖

លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃ សាធារណរដ្ឋប្រជាមានិតចិន បានឯកភាពជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងសាកលវិទ្យាល័យ BJTU និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ការបណ្តុះបណ្តាលបច្ចេកទេស និងទិដ្ឋភាពផ្សេងទៀតនៅក្នុងការកសាងផ្លូវដែក។

គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សរណៈយោគយល់គ្នាត្រីភាគី រវាងវិទ្យាស្ថានតេជោសែន សាធារណ ការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និងក្រុមហ៊ុន Beijing Urban Construction Group បានឯកភាពគ្នាជាគោលការណ៍លើការអភិវឌ្ឍលើការអប់រំ ការបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្នុងដែនសមត្ថកិច្ចរបស់ភាគីនីមួយៗ រួមមាន៖

សហការក្នុងការផ្តល់ការបណ្តុះបណ្តាលលើ ជំនាញបច្ចេកទេសផ្សេងៗ ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវ ជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ

សហការក្នុងការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ចូលរួមសន្និសីទ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍ ផ្សេងៗទៀត ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗទៀត

ប្រើប្រាស់ឧបករណ៍សម្ភារៈសំណង់ និងធនធានរួមគ្នា ផ្តល់ឱកាសដល់និស្សិត ដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា ផ្តល់ជូនវិញ្ញាបនបត្រនៃការ បណ្តុះបណ្តាលបច្ចេកទេស និងការអនុវត្តការងារជាក់ស្តែងដែលពាក់ព័ន្ធ ជំរុញអនុវត្តសកម្មភាពផ្សេងៗ ទៀតស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា