បណ្តាញសង្គម

ព្រះមហាក្សត្រ ព្រះរាជទាន លើកលែងទោស ឧត្តមសេនីយ៍ទោ ជា តារា ពាក់ព័ន្ធបណ្តឹង របស់ ឌឿន សុវណ្ណ

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ព្រះ  រាជទានលើកលែងទោស ដល់ឧត្តមសេនីយ៍ទោ ជា តារា បន្ទាប់ពីរូបលោកត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារតាម អំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ឌឿន  សុវណ្ណ ពីបទបរិហាកេរ្តិ៍។

ព្រះមហាក្សត្រខ្មែរ តាមរយៈព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះអង្គ ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា  ឆ្នាំ២០១៤កន្លងទៅ បានត្រាស់បង្គាប់លើកលែងទោសឲ្យទណ្ឌិត ជា តារា អាយុ ៤៥ឆ្នាំ ដែលត្រូវបានតុលាការ  សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ តាមអំណាចសាលដីការបស់តុលាការកំពូល។ ព្រះករុណា នរោត្តម សីហមុនី ក៏ បានត្រាស់បង្គាប់ឲ្យនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុក អនុវត្តឲ្យបានសម្រេចតាមព្រះរាជ ក្រឹត្យនេះផងដែរ។

លោកឧត្តមសេនីយ៍ទោ ជា តារា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ កន្លង ទៅនៅភោជនីយដ្ឋានម្លប់ស្វាយ៩៩ ស្ថិតសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើ  ឡើងតាមអំណាចសាលដីកាតុលាការកំពូលពីបទបរិហាកេរ្តិ៍ ដែលប្តឹងដោយលោក ឌឿន សុវណ្ណ។

ក្រោយការឃាត់ខ្លួន មានកិច្ចអន្តរាគមន៍ តាមរយៈការធ្វើរបាយការណ៍បញ្ជាក់លើអង្គហេតុ នៃការឃាត់ខ្លួន និង ដំណើររឿងយ៉ាងលំអិតពីទីបញ្ជាការដ្ឋានអង្គរក្សដាក់ជូនទៅនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុង បំណងស្វែងរកយុត្តិធម៌ពិត និងចៀសវាងការធ្វើឲ្យជនរងគ្រោះក្លាយជាអ្នកទោស រីឯជនខិលខូចពិតបែរជានៅក្រៅ  សំណាញ់ច្បាប់ទៅវិញ។

ក្រោយពីការពិនិត្យទៅលើរបាយការណ៍របស់ទីបញ្ជាការដ្ឋានកងអង្គរក្ស ដែលធ្វើឡើងដោយលោកឧត្តមសេនីយ៍ ឯក ចៅ តុល មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងអង្គរក្ស និងមានការឯកភាពពីមន្រ្តីជាន់ខ្ពស់ នៃកងយោធពលខេ មរភូមិន្ទ និងមានការជូនយោបល់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង់វឌ្ឍានា សម្តេចតេជោ ហ៊ុន សែន ក៏បាន ធ្វើលិខិតក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ សូមព្រះរាជទានលើកលែងទោស លើលោកឧត្តមសេនីយ៍ទោ ជា  តារា។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក ចៅ តុល បានបញ្ជាក់ថា សំណុំរឿងប្តឹងផ្តល់រហូតឈាន ដល់ការចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ ជា តារា មន្រ្តីយោធា នៃកងយោធពលខេមរភូមិន្ទ គឹបានផ្តើមចេញពីការ ទិញដីអតីតវិទ្យុកងទ័ព T87 ទំហំ ៤៥.០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុង ភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ក្នុងតម្លៃជាង ២៧លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០០៧។

បើតាមរបាយការណ៍ បានឲ្យដឹងទៀតថា ដំណើរការទិញដីទំហំដ៏ធំនៅក្នុងរាជធានីភ្នំពេញនេះ លោកឧត្តមសេនីយ៍  ទោ ជា តារា ជាអ្នកតំណាង ដើម្បីរៀបចំទិញដីជូនទៅលោក ឧកញ៉ា គឹម ហាប់ ពីលោក ជួប ច័ន្ទ និង លោក  ប្រាក់ សុឃឿន ដែលជាម្ចាស់ដី ដោយមានលោក ឌឿន សុវណ្ណ ជាអ្នកតំណាងទទួលរត់ការច្បាប់វិនិយោគឲ្យក្រុម  ហ៊ុន គឹម ហាប់។

របាយការណ៍បន្តថា ក្រោយពីបានព្រមព្រៀងលើការទិញ និងលក់ដីខាងលើហើយ ភាគីក្រុមហ៊ុន គឹម ហាប់ ជា អ្នកទិញ ដោយមានលោកឧត្តមសេនីយ៍ទោ ជា តារា ជាតំណាងនោះ បានប្រគល់ទឹកប្រាក់រហូតដល់ទៅ ៥លាន ដុល្លារអាម៉េរិក ដើម្បីរត់ការ។ ការរត់ការរបស់លោក ជួប ច័ន្ទ និងលោក ឌឿន សុវណ្ណ ជាភាគីអ្នកលក់នោះ ធ្វើមិន បានសម្រេច នោះឡើយ ដោយសារតែលោក ជួប ច័ន្ទ និង លោក ឌឿន សុវណ្ណ បានក្លែងឯកសារកុហកដល់ សមត្ថកិច្ចគ្រប់ថ្នាក់។

ក្រោយដឹងថា លោក ជួប ច័ន្ទ និង លោក ឌឿន សុវណ្ណ លេងឆាកល្ខោនបោកលុយរបស់ក្រុមហ៊ុនគឹមហាប់ ដោយ  មិនអាចរត់ការលក់ដីទៅឲ្យក្រុមហ៊ុនបាននោះ លោក ជា តារា បានប្តឹងឈ្មោះ ជួប ច័ន្ទ និង ឈ្មោះ ឌឿន សុវណ្ណ  ទៅតុលាការពីបទបន្លំអាជ្ញាធរ ក្លែងលិខិតសាធារណៈ និងឆបោកប្រាក់។ តាមរយៈពាក្យបណ្តឹងនេះ លោក ជា  តារា បានអះអាងថា លោក ឌឿន សុវណ្ណ បានរួមគ្នាជាមួយលោក ជួប ច័ន្ទ ធ្វើឯកសារដើម្បីលក់ដីឲ្យក្រុមហ៊ុន គី ម ហាប់ ដោយបានធ្វើការចាត់ចែងបន្លំអាជ្ញាធរសង្កាត់ទន្លេបាសាក់ និងក្លែងលិខិតសាធារណៈ ដើម្បីឲ្យក្រុមហ៊ុន  ទុកចិត្ត និងចុះកិច្ចសន្យាទិញ-លក់។

បណ្តឹងរបស់លោកឧត្តមសេនីយ៍ទោ ជា តារា មិនត្រូវបានសាលាដំបូងចាត់ការនោះឡើយ។ ព្រោះតែមិនសុខចិត្ត  លោកឧត្តមសេនីយ៍ បានប្តឹងបន្តទៅកាន់សាលាឧទ្ធរណ៍ថែមទៀត តែសាលាឧទ្ធរណ៍ ក៏បានតម្កល់សំណុំរឿងមិន ចាត់ការដដែល។

បណ្តឹងរបស់លោកឧត្តមសេនីយ៍ទោ ជា តារា ដែលគេមើលឃើញថា ជាជនរងគ្រោះក្នុងសំណុំទិញដីធ្លីនេះ មិន ត្រឹមតែតុលាការមិនចាត់ការនោះទេ ទីបំផុតរូបលោកបានក្លាយទៅជាជនជាប់ចោទ ពីសំណាក់អ្នកបោកប្រាស់ខ្លួន  ថែមទៀត។

លោក ឌឿន សុវណ្ណ ដែលត្រូវបានលោក ចៅ តុល ពណ៌នាថា ជាជនមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្រ្តីតុលា  ការនោះ បានប្តឹងបកទៅលើលោកឧត្តមសេនីយ៍ទោ ជា តារា ពីបទបរិហាកេរ្តិ៍។ បណ្តឹងនេះ ត្រូវបានសាលា ដំបូង រាជធានីភ្នំពេញចាត់ការយ៉ាងឆាប់រហ័ស ដោយសម្រេចផ្តន្ទាទោសលោកឧត្តមសេនីយ៍ទោ ជា តារា ដាក់ពន្ធនាគារ រយៈពេល ៨ខែ។

ការប្តឹងផ្តល់គ្នា បានបន្តរហូតដល់តុលាការកំពូល ទីបំផុតអំពើយុត្តិធម៌ពិតជាគ្មានឡើយក្នុងប្រព័ន្ធតុលាការកម្ពុជា  បានធ្វើរឿងខ្មៅ ទៅជាស ដោយតុលាការកំពូល បានសម្រេចផ្តន្ទាទោសលោកឧត្តមសេនីយ៍ទោ ជា តារា ដាក់ពន្ធ  នាគារ ៨ខែ និងបង់ការខូចខាត ព្រមទាំងជំងឺចិត្ត ២០លានរៀល។

តាមរយៈអំណាចសាលដីកាតុលាការកំពូល លោកឧត្តមសេនីយ៍ទោ ជា តារា ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥  ខែមេសា ឆ្នាំ២០១៤ គ្រារូបលោកទទួលបទបញ្ជាពីមេបញ្ជាការប្រចាំទិសសមរភូមិប្រាសាទព្រះវិហារ ឲ្យមក បំពេញបេសកកម្មនៅរាជធានីភ្នំពេញ។ បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ចៅ តុល ការចាប់ខ្លួន  នេះ កម្លាំងនគរបាល មិនបានរាយការណ៍សុំមតិពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន  និង ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយករដ្ឋានកណ្តាលនគរបាលយុត្តិធម៌នោះទេ។

លោកឧត្តមសេនីយ៍ឯក ចៅ តុល បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ជា តារា ជាអ្នករងគ្រោះ ព្រោះបានយក ថវិកា ប្រគល់ឲ្យ ឌឿន សុវណ្ណ និង ជួប ច័ន្ទ បែរជាត្រូវមានទោសរហូតជាប់ពន្ធនាគារ និងសងជំងឺចិត្តថែមទៀត។

លោកឧត្តមសេនីយ៍ឯក ចៅ តុល បានបញ្ជាក់ថា «ពិតជាអយុត្តិធម៌ណាស់។ នេះថ្នាក់ឧត្តមសេនីយ៍ទោ ក្នុងកង យោធពលខេមរភូមិន្ទ ចុះទំរាំប្រជាជនសុទ្ធសាធ ឬអ្នកវិនិយោគនោះ តើត្រូវទទួលរងនូវភាពអយុត្តិធម៌យ៉ាងណា»  ។

លោកឧត្តមសេនីយ៍ឯក ចៅ តុល បានហៅអំពើអយុត្តិធម៌នេះ កើតមានដោយសារតែលោក ឌឿន សុវណ្ណ ដែល ត្រូវបានរាជរដ្ឋាភិបាលដកស័ក្តិ និងបណ្តេញចេញពីកងនគរបាលជាតិនោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្រ្តី ជាន់ខ្ពស់ក្នុងប្រព័ន្ធតុលាការ។

បើតាមការបញ្ជាក់ពីសាច់ញាតិរបស់លោកឧត្តមសេនីយ៍ទោ ជា តារា រឿងដែលធ្វើឲ្យគេហួសចិត្តកាន់តែខ្លាំងថែម ទៀត លោក ឌឿន សុវណ្ណ មិនត្រឹមតែប្រើអំណាចបក្ខពួកក្នុងប្រព័ន្ធតុលាការចាប់ខ្លួនលោកឧត្តមសេនីយ៍ទោ ជា  តារា ប៉ុណ្ណោះទេ ថែមទាំងបានទូរស័ព្ទទាក់ទងមក អះអាងថា ប្រសិនបើលោកឧត្តមសេនីយ៍ទោ ជា តារា ព្រមឲ្យ លុយគេ ៧ម៉ឺនដុល្លារ គេនឹងធានា សុំការលើកលែងទោសទៅព្រះមហាក្សត្រឲ្យរួចខ្លួន ដោយមិនចាំបាច់ឆ្លងតាមរ យៈរាជរដ្ឋាភិបាលនោះឡើយ៕