បណ្តាញសង្គម

សន្និសីទកាសែត ដើម្បីឆ្លើយតបទៅនឹង ការលើកឡើង របស់អនុប្រធាន គណបក្ស សង្រ្គោះជាតិ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃអង្គភាពព័ត៌មាន ប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើសន្និ សីទកាសែត ដើម្បីឆ្លើយតបទៅនឹង ការលើកឡើង របស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ ដែលបានឃោសនាថា ប្រសិនបើលោកជាប់ឆ្នោត ធ្វើជានាយករដ្ឋមន្រ្តី នឹងទាមទារ យកកោះត្រល់មកវិញ។

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤នេះ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ពីជំហររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងរឿងកោះត្រល់ យ៉ាងដូច្នេះ “ព្រះករុណា ព្រះបិតា អតីតព្រះមហាក្សត្រ លោក បានយកផែនទីរបស់យើង មួយលើ មួយរយពាន់ យកទៅតម្កល់នៅ អង្គការសហប្រជាជាតិ ដើម្បីឲ្យគេទទួលស្គាល់ ឲ្យគេថែរក្សាទឹក ដីរបស់យើងប៉ុណ្ណឹង កុំឲ្យបាត់បង់តទៅទៀត។ ក៏ប៉ុន្តែ ការដែលតម្កល់ប៉ុណ្ណឹងហើយ គឺទឹកដីតែប៉ុណ្ណឹងទេ មិនអាចទៅធាក់ថយ យកទឹកដីឯណា ដែលយើងបាត់បង់ពី អតីតប្រវត្តិសាស្ត្រនោះទេ អីចឹងការទាមទារ យកដីកម្ពុជាក្រោម កោះត្រល់អីហ្នឹង គឺចប់ សព្វគ្រប់”។

មន្ត្រីរាជរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ទាក់ទងនឹងបញ្ហាព្រំដែន ដែលគណបក្សសង្គ្រោះជាតិ ថារាជ រដ្ឋាភិបាលខ្មែរ អនុញ្ញាតឲ្យវៀតណាម បង្ខិតបង្គោលព្រំដែនចូល ដីកម្ពុជាស្រេចតែចិត្ត ប្រសិនបើរាជ រដ្ឋាភិបាលអនុញ្ញាតឲ្យ ប្រទេសវៀតណាម បង្ខិតព្រំដែនយក ទឹកដីយើងស្រេចតែចិត្ត សួរថាតើយើងបង្កើត គណៈកម្មការក្នុងការចរចារ បោះបង្គោលតម្រុយព្រំដែន បោះធ្វើអី? បង្កើត គណៈកម្មការ ចរចារធ្វើអី? សម្តេច ហ៊ុន សែន មានប្រសាសន៍ហើយ បើសិនជាអាយ៉ងមែន បើសិនមិនគិតពីទឹកដីទេ យើងបង្កើត គណៈកម្មការចរចាធ្វើអី? ស្រេចតែគាត់ទៅ គាត់បោះយកទីណា យកទៅ, ចង់បានកន្លែងណា យកទៅ នឹងប្រសិនបើយើង ជាអាយ៉ង យើងមិនគិតទឹកដីទេ។ ចំពោះ រឿងបូរណភាពទឹកដី អធិបតេយ្យភាពទឹកដី គឺជាភារកិច្ច កាតព្វកិច្ចចំបង បំផុតរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ធ្វើកិច្ចការនេះ។

ឯកឧត្តម កឹម សុខា បានមានប្រសាសន៍ថា ពេលគណបក្សរបស់លោក គឺសង្គ្រោះជាតិ ឡើងកាន់តំណែងជា រាជរដ្ឋាភិបាល គឺអនុញ្ញាតឲ្យប្រជាជន ខ្មែរកម្ពុជាក្រោម ចូលមកទឹកដីខ្មែរ ដោយមិនចាំបាច់ មានលិខិត ឆ្លងដែនទេ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា កម្ពុជាមិនអាចធ្វើអញ្ចឹង បានទេ ពីព្រោះទឹកដីកម្ពុជាក្រោម ត្រូវបានបារាំងកាត់ទៅឲ្យ ប្រទេសវៀតណាម តាំងពីឆ្នាំ១៩៤៩ មកម្ល៉េះ អញ្ចឹងហើយខ្មែរ នៅកម្ពុជាក្រោម ពេលចូលមកប្រទេសខ្មែរ ត្រូវតែមានលិខិតឆ្លងដែន គឺ រាជរដ្ឋាភិបាលធ្វើទៅ តាមច្បាប់របស់កម្ពុជា៕