បណ្តាញសង្គម

ព្រះរាជាណាចក្រកម្ពុជា ជាប់ជាសមាជិក ក្រុមប្រឹក្សាភិបាល របស់អង្គការ ពលកម្មអន្តរជាតិ

ភ្នំពេញ៖ កម្ពុជា បានជាប់ជា សមាជិក ក្រុមប្រឹក្សាភិបាល នៃអង្គការពលកម្មអន្តរជាតិ នៅក្នុងការបោះឆ្នោតមួយ នៃសន្និបាតលើកទី១០៣ របស់អង្គការពលកម្មអន្តរជាតិ នាប្រទេសស្វីស កាលពីអំឡុង សប្តាហ៍មុន។

ការជាប់ជាសមាជិក ក្រុមប្រឹក្សាភិបាលនេះ ត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងការងារ អះអាងថា ជាមោទនភាពមួយ សម្រាប់កម្ពុជា និងអាស៊ាន ដែល មានឈ្មោះបោះសម្លេង ក្នុងចំណោមប្រទេសទាំង១៨ នៅលើពិភពលោក ដែលជាសមាជិក ក្រុមប្រឹក្សាភិបាល របស់អង្គការអាយឡូ និងជាប្រទេស មានលក្ខខណ្ណការងារល្អ បំផុត។

ថ្លែងក្នុងកិច្ចសម្ភាសមួយ នៅឯអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ក្រោយពេលនិវត្តន៍ មកដល់ ប្រទេសកម្ពុជាវិញ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាបានទទួលសន្លឹកឆ្នោត ច្រើនលើសលុប ពីការ បោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាភិបាល អង្គការ ILO (អាយឡូ) ដែលមានប្រទេស សមាជិកអង្គការនេះ ជាច្រើនបានចូលរួម ។

ឯកឧត្តមបានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានថា “នេះជាលើកដំបូងហើយ ដែលព្រះរាជាណាចក្រ កម្ពុជាយើង ជាប់ឆ្នោត ធ្វើជាសមាជិក នៃក្រុមប្រឹក្សាភិបាល របស់អង្គការពលកម្មអន្តរជាតិ ដែលហៅកាត់ថា អាយឡូ ហើយការចូលរួម ក្នុងក្រុមប្រឹក្សាភិបាលនេះ គឺបានដោយសារ ការបោះឆ្នោតរបស់ ប្រទេសទាំងអស់ ដែលជាសមាជិក របស់អង្គការអាយឡូ ហើយសន្លឹកឆ្នោត ដែលយើងទទួលបាន គឺមានចំនួនច្រើនលើសលុប” ។

ឯកឧត្តមបានបន្ថែមថា “ខ្ញុំគិតថា កិត្តិយសនេះ គឺផ្តើមចេញមកពី ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ កម្ពុជាយើង ក្នុងរយៈពេល កន្លងមក ជាពិសេសក្នុង ការអភិវឌ្ឍន៍ កាតព្វកិច្ច របស់កម្ពុជា ក្នុងឋានៈជា ប្រទេសជាសមាជិក របស់អង្គការពលកម្មអន្តរជាតិខាងការងារ ហើយ ជាក់ស្តែងកម្ពុជាយើង បានផ្តល់ លើសច្ចាប័ណ្ណ លើអនុសញ្ញា របស់អង្គការអាយឡូនេះ ចំនួន១៣ ដែលក្នុងនោះមានអនុសញ្ញា ស្នូលចំនួន៨” ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា “មកដល់ពេលនេះ ការអនុវត្តអនុសញ្ញានេះ អាចថា មានលទ្ធផលផ្លែផ្កា ប្រកបដោយ ជោគជ័យ ដែលប្រទេស នានា លើពិភពលោក ដែលគេទទួលស្គាល់ថា ប្រទេសកម្ពុជាយើងនេះ ជាប្រទេសដែល មានលក្ខខ័ណ្ឌការងារល្អ បំផុតមួយ នៅក្នុងពិភពលោក របស់យើងនេះ ដែលបានបង្ហាញ ច្បាស់តាមរយៈការផ្តល់សេរីភាព ក្នុងបង្កើតអង្គការវិជ្ជាជីវៈ សិទ្ធិក្នុងការ ធ្វើកូដកម្ម-បាតុកម្ម ឬក៏សិទ្ធិក្នុងការ បញ្ចេញមតិផ្សេងៗ របស់បងប្អូន កម្មករនិយោជិត និងការចរចា ជាសមូហភាពជាដើម” ។

គួរបញ្ជាក់ថា ការជាប់ជាសមាជិក ក្រុមប្រឹក្សាភិបាល អង្គការពលកម្មអន្តរជាតិ របស់កម្ពុជានេះ នឹងមាន រយៈពេល៣ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៧ ។ គិតរហូតមកដល់ពេលនេះ អាយឡូ មានសមាជិក ក្រុមប្រឹក្សាភិបាល ចំនួន១៨ មានតំណាងកម្មករចំនួន ៩ និងតំណាងនិយោជកចំនួន៩ និងមានសមាជិក ១៨៥ប្រទេស ផងដែរ ។

ឯកឧត្តម អ៉ិត សំហេង បានបញ្ជាក់ថា “កម្ពុជា ចូលក្នុង សមាជិកក្រុមប្រឹក្សា អង្កការពលកម្មអន្តរជាតិនេះ ម្យ៉ាង គឺតំណាងសម្រាប់ខ្លួនយើង ហើយមួយទៀត ក៏ជាតំណាង សម្រាប់អាស៊ានដែរ” ៕